រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានជួបពិភាក្សាជាមួយសមភាគីរបស់លោកមកពីប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ ដោយលោកប្រាប់រដ្ឋមន្ត្រីទាំងនោះថា ទីក្រុងមូស្គូត្រៀមផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ដើម្បីជួយធានាស្ថិរភាព ក្នុងតំបន់ Sahel។

លោក Belousov បានបន្ថែមថា ទម្រង់សន្ទនា ៤ភាគីនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះ រដ្ឋមន្ត្រីចូលរួមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីផែនការផ្លូវការ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឲ្យកាន់តែស៊ីជម្រៅ។
គួរបញ្ជាក់ថា ប្រទេសម៉ាលី ប៊ួគីណាហ្វាសូ និងនីហ្សេ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ចាប់តាំងពីក្រុមយោធាឡើងកាន់អំណាច ដោយងាកទៅរកការគាំទ្រពីរុស្ស៊ីជំនួសវិញ៕
