ប្រទេសលីប៊ី គ្រោងនឹងរៀបចំការបោះឆ្នោតក្រុងដ៏កម្រ នៅថ្ងៃសៅរ៍ ជាការបោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមួយ ដែលនៅតែញាំញីដោយការបែងបាក់ និងអស្ថិរភាព។
ទីក្រុងសំខាន់ៗនៅភាគខាងកើត រួមមាន Benghazi, Sirte និង Tobruk - បានច្រានចោលការបោះឆ្នោត ដោយបង្ហាញពីជម្លោះយ៉ាងជ្រៅ រវាងរដ្ឋបាលគូប្រជែង។
បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី UNSMIL បានហៅការបោះឆ្នោតនេះថា «ចាំបាច់ណាស់ ដើម្បីរក្សាអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ» ខណៈព្រមានថា ការវាយប្រហារនាពេលថ្មីៗនេះ លើការិយាល័យបោះឆ្នោត និងអសន្តិសុខដែលកំពុងបន្ត អាចបំផ្លាញដំណើរការនេះ។

អ្នកស្រី Esraa Abdelmonem អាយុ ៣៦ឆ្នាំ ជាម្តាយដែលមានកូនបីនាក់ បាននិយាយថា៖«ប្រជាជនលីប៊ី ត្រូវបោះឆ្នោត និងមានសេរីភាពក្នុងការជ្រើសរើសដោយគ្មានការភ័យខ្លាច និងដោយគ្មានការគាបសង្កត់ ពីនរណាម្នាក់ឡើយ»។
អ្នកស្រីបានបន្តថា៖«ការបោះឆ្នោតទាំងនេះ នឹងអនុញ្ញាតឲ្យប្រជាជនមានការបញ្ចេញមតិរបស់ពួកគេ នៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ» ដោយបន្ថែមថា ពិតជាគួរឲ្យចាប់អារម្មណ៍ ក្នុងការមើលពីរបៀបដែលតំបន់ទាំងនេះ ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នា នៅក្នុងខែឧសភា នឹងធ្វើការបោះឆ្នោតនោះ។
