ក្រសួងការពារជាតិចិន បានចោទប្រកាន់នាវាឆ្មាំល្បាតឆ្នេររបស់ហ្វីលីពីនថា «ធ្វើនាវាចរណ៍ដ៏គ្រោះថ្នាក់» ដោយនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ កាលពីថ្ងៃចន្ទ អំពីការបុកគ្នា រវាងនាវាចិន ២គ្រឿង នៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ អ្នកនាំពាក្យក្រសួង លោក Jiang Bin បាននិយាយថា សកម្មភាពរបស់នាវាឆ្មាំល្បាតឆ្នេររបស់ហ្វីលីពីន «បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់នាវា និងបុគ្គលិករបស់ប្រទេសចិន»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ប្រទេសចិនរក្សាសិទ្ធិ ក្នុងការចាត់វិធានការតបតចាំបាច់»។
គួរបញ្ជាក់ថា វីដេអូពីឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបង្ហាញឲ្យឃើញពីនាវាឆ្មាំល្បាតឆ្នេរ ១គ្រឿងរបស់ចិន តាមពីក្រោយនាវា PCG មុនពេលនាវាកងទ័ពជើងទឹកចិន បានបើកកាត់ភ្លាមៗ ហើយបានបុកជាមួយនាវាល្បាត ដែលបណ្ដាលឲ្យមានការខូចខាតផ្នែកខាងមុខរបស់នាវាឆ្មាំល្បាតឆ្នេរនោះ៕
