អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានប្រារព្ធខួប ៤ឆ្នាំនៃការចូលកាន់កាប់អំណាចរបស់ខ្លួន នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ ដោយត្រូវបានគាំទ្រដោយការទទួលស្គាល់ជាផ្លូវការដំបូងគេរបស់រុស្ស៊ី ចំពោះរដ្ឋាភិបាលនេះ ជាជំហានមួយដែលក្រុមនេះសង្ឃឹមថា ប្រទេសផ្សេងទៀតនឹងធ្វើតាមដែរ។
ក្បួនដង្ហែត្រូវបានគ្រោងទុកធ្វើឡើងនៅក្នុងទីក្រុងជាច្រើន ក្នុងនោះរួមទាំងនៅកណ្តាលទីក្រុងកាប៊ុលផងដែរ ជាកន្លែងដែលឧទ្ធម្ភាគចក្រត្រៀមទម្លាក់ផ្កា និងទង់ជាតិមានពណ៌ស និងខ្មៅនៃ «Islamic Emirate of Afghanistan» (អេមីរ៉ាតឥស្លាមអាហ្វហ្គានីស្ថាន) របស់ពួកតាលីបង់ បានហោះពាសពេញទីក្រុងនេះ ដើម្បីរំលឹកដល់ការវាយដណ្តើមគ្រប់គ្រងរដ្ឋធានីរបស់ពួកគេ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

អ្នកសារព័ត៌មានម្នាក់ បានរាយការណ៍ថា ដោយមានគ្រវីទង់ជាតិ និងដុតកាំជ្រួចភ្ញី សមាជិករបស់ក្រុមតាលីបង់ បានប្រមូលផ្តុំគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅឯទីលានក្បែរស្ថានទូតអាមេរិកលែងដំណើរការ ដែលជាទីតាំងនៃសត្រូវរបស់ពួកគេ ក្នុងអំឡុងពេលពួកគេធ្វើការបះបោររយៈពេល ២០ឆ្នាំ។
យ៉ាងណាក្ដី ក្បួនព្យុហយាត្រាយោធាដែលបានធ្វើកាលពីឆ្នាំមុន ដោយមានការសម្ដែងបង្ហាញជាច្រើន នៅឯមូលដ្ឋានទ័ពអាកាស Bagram ដែលធា្លប់ជាកន្លែងសម្រាប់ប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានលុបចោលនៅឆ្នាំនេះ ដោយគ្មានការពន្យល់ជាសាធារណៈ។
គូរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់ នៅតែមិនត្រូវបានទទួលស្គាល់ដោយភាគច្រើន នៅលើឆាកអន្តរជាតិ ដោយសារការរឹតបន្តឹងដែលដាក់ចេញក្រោមច្បាប់ឥស្លាមដ៏តឹងរ៉ឹងរបស់ពួកគេ ដែលផ្តោតលើស្ត្រីជាពិសេស៕
