រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ដើម្បីទទួលបានការអនុញ្ញាតឲ្យត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រូវតែពន្យល់ដល់ទីក្រុងតេហេរ៉ង់ឲ្យច្បាស់អំពីរបៀបដែលក្រុមអធិការកិច្ចនេះ នឹងត្រូវអនុ វត្ត។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានដកស្រង់សម្តីប្រមុខការទូតរូបនេះដែលបាននិយាយថា៖« បន្ទាប់ពីសង្រ្គាម ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារ IAEA បានផ្លាស់ប្តូរ ហើយទីតាំងនុយក្លេអ៊ែររបស់យើង ត្រូវបានវាយប្រហារ និងរងការខូចខាត។ លោក Araghchi បានកត់សម្គាល់ថា៖«ជំហររបស់យើងទាក់ទងនឹង IAEA គឺថា មុននឹងផ្តល់ការអនុញ្ញាតឲ្យត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ ក្របខណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ ត្រូវតែបង្កើតឡើង»។

បន្ទាប់ពីកិច្ចពិភាក្សាដែលបានធ្វើឡើង នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី ១១ ខែសីហា រវាងមន្ត្រីអ៊ីរ៉ង់ និងតំណាងទីភ្នាក់ងារ IAEA អនុរដ្ឋមន្ត្រីការបរទេស Kazem Gharibabadi បានប្រកាសថា ភាគីបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការពិគ្រោះយោបល់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកការទូតរូបនេះ បានបញ្ជាក់ថា ទម្រង់នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារនេះ ក្នុងកាលៈទេសៈបច្ចុប្បន្ន ត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំជាមួយអគ្គនាយករង IAEA លោក Massimo Aparo ។ លោក Gharibabadi បានកត់សម្គាល់ថា ភាគីអ៊ីរ៉ង់បានតវ៉ាចំពោះការខកខានរបស់ IAEA ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់។
កាលពីថ្ងៃទី ០២ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារIAEA ។ កាលពីថ្ងៃទី ២២ ខែកក្កដា លោក Araghchi បាននិយាយថា អ៊ីរ៉ង់មិនច្រានចោលលទ្ធភាពនៃការអនុញ្ញាតឲ្យក្រុមអធិការកិច្ចនៃទីភ្នាក់ងារនេះ ត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ នៅពេលអនាគតនោះទេ។
