ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាធ្វើការ ជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយ ប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។
ក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលម្សិលមិញ នៅរាជធានីភ្នំពេញ ក្នុងនាមអគ្គលេខាធិការអាស៊ាន លោក លីម ចុកហ៊ុយ បានបង្ហាញពីការប្ដេជ្ញាបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ ពាក់ព័ន្ធនឹងវិស័យ ការពារជាតិ ពិសេសឯកសារទស្សនទានចំនួនបី គឺទី១- កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ាន ទប់ស្កាត់ការ ឆ្លងដែននៃជំងឺកូវីដ១៩, ទី២- ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង ទី៣- បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម ។
លោកបានបញ្ជាក់ថា នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួង ការពារជាតិ ទទួលបន្ទុកកិច្ចការអាស៊ាននេះ។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។
សម្តេចពិជ័យសេនា បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជា បានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ទើបកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មី និងនៅតាមខេត្តមួយចំនួន។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ទោះបីកម្ពុជា បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ សម្រាប់ កិច្ចប្រជុំនេះ ប៉ុន្តែកម្ពុជា នៅតែតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេសពីអគ្គលេធិការ ដ្ឋានអាស៊ាន ទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះស្នើអគ្គលេខាធិការអាស៊ាន បន្តជួយសម្រប សម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានទាំងបី។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា ទើបទទួលបានការស្នើសុំរៀប ចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន៖ រុស្ស៉ី និងជប៉ុន ដូច្នេះសម្តេច បានស្នើអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញនិងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុងការស្នើសុំរៀបចំ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ នៅចុងឆ្នាំនេះ៕ អត្ថបទ៖ បាន ចក់