ក្រុមជួយសង្គ្រោះ នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ បានចាប់ផ្ដើមជីកកកាយតាមដីល្បាប់ភក់ ដើម្បីស្វែងរកជនរងគ្រោះ ដោយប្រតិបត្តិការនេះកើតឡើងមួយថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតចុងក្រោយបង្អស់ ដែលហូរកាត់ភ្លាមៗយ៉ាងគំហុកនៅក្នុងភូមិមួយនៃតំបន់ Kishtwar របស់តំបន់ Kashmir កាន់កាប់ដោយឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់។
ជាមួយគ្នានេះ មនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន ក្នុងនោះមានរួមទាំងអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូដែលបាននាំគ្នាទៅទីសក្ការៈបូជា បន្ទាប់ពីទឹក និងភក់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ហូរក្នុងល្បឿនដ៏លឿន និងខ្លាំងពាសពេញភូមិនៅតំបន់ភ្នំហិម៉ាល័យ។

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា ផ្ទះបាយបណ្តោះអាសន្នដ៏ធំមួយក្នុងភូមិ Chisoti ជាកន្លែងដែលអ្នកធ្វើធម្មយាត្រាជាង ១០០នាក់នៅទីនោះ ត្រូវបានខ្សែទឹកហូរនាំយកទៅទាំងស្រុង ជាអ្វីដែលរដ្ឋមន្រី្តប្រចាំរដ្ឋ លោក Omar Abdullah បានប្រាប់ថា គឺជាហេតុការណ៍កើតមានព្យុះភ្លៀងភ្លាមៗមិននឹកស្មានដល់។
គ្រឿងចក្ររុញដីធុនធ្ងន់ ត្រូវបានយកទៅតំបន់គ្រោះមហន្តរាយ ដើម្បីជីកល្បាប់ភក់ជ្រៅៗ ផ្ទាំងថ្មធំៗ និងកម្ទេចថ្មដែលហូរតាមទឹកជំនន់ពីលើភ្នំ។ អង្គភាព White Knight Corps របស់កងទ័ព បានឲ្យដឹងថា កងទ័ពរបស់ខ្លួន «ដោយមិនរួញរាជាមួយអាកាសធាតុដ៏អាក្រក់ និងសណ្ឋាញដីរដិបរដុប កំពុងចូលរួមក្នុងប្រតិបត្តិការជម្លៀសអ្នករបួស»។
គួរបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដី គឺតែងកើតឡើងជាធម្មតា នៅរដូវមូសុង ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញ បានលើកឡើងថា បម្រែបម្រួលអាកាសធាតុ គួបផ្សំនឹងការអភិវឌ្ឍមិនមានគម្រោងឲ្យបានល្អត្រឹមត្រូវ កំពុងធ្វើឲ្យព្រឹត្តិការណ៍ធម្មជាតិនេះកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន៕


