ក្រុមមន្រ្តីនិយាយថា បុរសដើរព្រៃម្នាក់ដែលរងការវាយប្រហារដោយសត្វខ្លាឃ្មុំព្រៃសម្បុរត្នោត ត្រូវបានប្រទះឃើញស្លាប់នៅតំបន់ភាគខាងជើងប្រទេសជប៉ុននាថ្ងៃសុក្រនេះ រយៈពេល ១ថ្ងៃ ក្រោយគេរាយការណ៍ថាឃើញសត្វខ្លាឃុំអូសរូបគាត់ចូលក្នុងព្រៃ ។
សារព័ត៌មានក្នុងស្រុក រួមទាំងកាសែត Yomiuri Shimbun រាយការណ៍ថា បុរសដើរព្រៃរូបនោះដែលមានអាយុជាង ២០ឆ្នាំ បានព្យាយាមតតាំងជាមួយសត្វខ្លាឃ្មុំដ៏ធំមួយក្បាល ប៉ុន្តែត្រូវសត្វខ្លាឃ្មុំនោះអូសគាត់ចូលទៅក្នុងព្រៃ ទាំងជើងទាំង ២របស់គាត់ហូរឈាមរហាម ។

អ្នកនាំពាក្យនគរបាលក្នុងស្រុកមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា បុរសម្នាក់ រងការវាយប្រហារពីសត្វខ្លាឃ្មុំ ពេលដើរតាមផ្លូវលើភ្នំ Rausu ស្ថិតលើកោះភាគខាងជើង Hokkaido កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
យោងតាមការអះអាងរបស់មន្រ្តីរដ្ឋបាលកោះ Hokkaido បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ គាត់ត្រូវបានគេប្រទះឃើញ ហើយនិងនាំទៅកាន់មន្ទីរពេទ្យ ជាទីដែលគាត់ត្រូវបានគេប្រកាសថាស្លាប់ ។
មន្រ្តីមួយរូបដែលបម្រើការឲ្យក្រុង Shari ជាទីដែលភ្នំ Rausu ស្ថិតនៅ និយាយប្រាប់ AFPថា ក្រុមប្រម៉ាញ់ បានតាមសម្លាប់សត្វខ្លាឃ្មុំមួយក្បាលនោះនៅជិតផ្លូវឡើងភ្នំ ។
ការវិភាគសំណាក DNA នឹងត្រូវធ្វើឡើង ដើម្បីកំណត់ថាតើ សត្វខ្លាឃ្មុំមួយក្បាលជាអ្នកសម្លាប់ជនរងគ្រោះឬយ៉ាងណា ៕
