ពលរដ្ឋរស់នៅទីក្រុង Melitopol គ្រប់គ្រងដោយរុស្ស៊ី ដែលជាផ្នែកមួយនៃតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន បានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេមុនជំនួបកំពូលរដ្ឋ Alaskaរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ជំនួយការវិមានក្រឹមឡាំងលោក Yuri Ushakov និយាយថា មេដឹកនាំទាំង ២ នឹងពិភាក្សាលើសក្តានុពលមិនទាន់បានប្រើដ៏ធំសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរុស្ស៊ី-សហរដ្ឋអាមេរិក ក៏ដូចជាទស្សនីយភាពសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ពេលពួកគេជួបគ្នានៅរដ្ឋ Alaska នាថ្ងៃសុក្រនេះ ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងទីក្រុង Melitopol និយាយថា ពួកគេសង្ឃឹមថា លោក Putin និងលោក Trump នឹងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ។
លោក Alexander គឺជាពលរដ្ឋមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកចង់បានស្ថិរភាពកើតមាននៅក្នុងជីវិតរបស់ពួកយើង ដល់ពេលនោះនឹងគ្មានការបាត់បង់ជីវិតគ្មានន័យបែបនេះទៀតទេ ។

ចំណែកឯអ្នកនាង Anna រស់នៅទីក្រុង Kherson ប៉ុន្តែបានផ្លាស់ទីលំនៅមកកាន់ទីក្រុង Melitopol និយាយថា អ្នកនាងគ្រាន់តែសង្ឃឹមថា អ្វីៗនឹងត្រូវដោះស្រាយ ហើយពួកយើងនឹងបំភ្លេចចោលសង្រ្គាមមួយនេះ ។ អ្នកនាងចង់វិលត្រឡប់ទៅផ្ទះវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋផ្សេងទៀត នៅមានមន្ទិលសង្ស័យចំពោះជំនួបកំពូលមួយនេះ ។ លោក Roman គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Melitopol និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជាការពិតណាស់ថា ពួកយើងព្យាយាមឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែផលប្រយោជន៍រុស្ស៊ី និងអាមេរិក គឺខុសគ្នាទាំងស្រុង ។ ដូច្នេះហើយ វាទំនងជាមិនមានផលពីជំនួបកំពូលមួយនេះទេ ។
នៅពេលសួរថាតើលោក Putin និងលោក Trumpនឹងអាចឈានដល់កិច្ចព្រមព្រៀងឬ លោក Roman ឆ្លើយថា អត់ទេ លោកពុំគិតថាបែបហ្នឹងនោះទេ ៕
