ឆ្មាំល្បាតឆ្នេរអ៊ីតាលី និយាយថា មនុស្សយ៉ាងហោច ២៦នាក់ បានស្លាប់ នៅក្នុងហេតុការណ៍លិចទូកនៅជិតកោះភាគខាងត្បូង Lampedusa ប្រទេសអ៊ីតាលី ហើយមនុស្សរស់រាន ៦០នាក់ ត្រូវបានជួយសង្រ្គោះ និងនាំយកមកកាន់ច្រាំង ខណៈពួកគេព្រមានថា សាកសពមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ហើយប្រតិបត្តិការរុករក កំពុងបន្ត ។
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញដោយឆ្មាំល្បាតឆ្នេរអ៊ីតាលី ឃើញជនអន្តោប្រវេសន៍ត្រូវបានគេស្រង់ទាំងរស់ចេញពីទឹកសមុទ្រ ហើយរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ ឃើញឆ្មាំល្បាតឆ្នេរបង្ហាញនាវាសង្រ្គោះកំពុងល្បាតនៅក្នុងដែនទឹកនៅជិតកោះ Lampedusa ។
គ្រោះមហន្តរាយនេះដែលពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ធ្វើដំណើរមកពីប្រទេសលីប៊ី គឺជាសោកនាដកម្មចុងក្រោយគេ ពេលដែលជនអន្តោប្រវេសន៍ ធ្វើដំណើរដ៏គ្រោះថ្នាក់ ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចេញពីអាហ្វ្រិក ទៅកាន់អឺរ៉ុប ។

ឆ្មាំល្បាតឆ្នេរអ៊ីតាលី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះយោធាអ៊ីតាលីថតបានរូបភាពទូកលិច ក្នុងនោះសាកសពមនុស្សអណ្តែតក្នុងទឹកនៅចម្ងាយប្រហែល ២៣គ.មពីកោះ Lampedusa កាលពីព្រឹកថ្ងៃពុធ ជំរុញឲ្យមានប្រតិបត្តិការជួយសង្រ្គោះ ។
ផ្អែកលើព័ត៌មានបឋមទទួលបានពីជនអន្តោប្រវេសន៍ត្រូវបានសង្រ្គោះ បានឲ្យដឹងថា ពួកគេបានចាកចេញពីទីក្រុង Trippoli ស្ថិតក្នុងប្រទេសលីប៊ី តាមទូក ២គ្រឿង ។ ទូកមួយគ្រឿងបានចាប់ផ្តើមចេញដំណើរតាមសមុទ្រ ហើយបន្ទាប់មក ពួកគេបានផ្ទេរមនុស្សទៅកាន់ទូកមួយគ្រឿងទៀត ដែលក្រោយមកបានលិចក្នុងសមុទ្រពេលជួបអាកាសធាតុពុំអំណោយផល ។
យោងតាមតួលេខពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា ជនអន្តោប្រវេសន មានចម្លោះពី ៩២នាក់ ដល់ ៩៧នាក់ ៕
