គ្រូពេទ្យនិយាយថា ក្មេងប្រុសប៉ាឡេស្ទីនអាយុ ១ខួបកន្លះម្នាក់ ត្រូវបានសម្លាប់ ហើយសមាជិកគ្រួសារជាច្រើននាក់ទៀតរបស់ក្មេងប្រុសតូច បានរងរបួស ពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំសំពត់តង់របស់ពួកគេ ស្ថិតនៅក្នុងទីក្រុងហ្កាហ្សា នាព្រឹកថ្ងៃសុក្រនេះ ។
នៅផ្នែកខាងក្រោយរថយន្តគិលានសង្រ្គោះ អ្នកស្រី Salsabeel Bakr បានពរឱបសាកសពក្មួយប្រុស Kanan របស់គាត់ ពេលដែលឪពុក Haitham អង្គុយនៅក្បែរកាន់ទុក្ខកូនប្រុស ទាំងរូបលោករងរបួសផងដែរ ។
លោកវេជ្ជបណ្ឌិត Issam Abu Ajwa គឺជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ Al Ahli Arab ស្ថិតក្នុងទីក្រុងហ្កាហ្សានិយាយថា មនុស្សមួយគ្រួសារនេះ ជ្រកកោនក្នុងសំពត់តង់ពេលដែលពួកគេរងការវាយប្រហារពីយោធាអ៊ីស្រាអែល ។
លោក Ajwa បន្តថា ការវាយប្រហារនេះ បណ្តាលឲ្យឪពុក និងកូនៗរបស់គាត់ រងរបួស ។ នៅក្នុងចំណោមពួកគេ ដែលពួកយើងព្យាយាមព្យាបាល មានទាំងក្មេងប្រុសអាយុ ១ខួបកន្លះផងដែរ ប៉ុន្តែសំណាងអាក្រក់ក្មេងប្រុសម្នាក់នេះ បានស្លាប់ ។
អ៊ីស្រាអែលតែងតែនិយាយថា ពួកគេបានចាត់វិធានការ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល ។ ពួកគេអះអាងថា ពួកគេព្យាយាមកម្ចាត់ក្រុមជីវពលហាម៉ាស ដែលបាបើកការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយនិងរំដោះចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ៕