ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន តាមយន្តហោះ Air Force One ក្នុងផ្លូវឆ្ពោះទៅកាន់រដ្ឋ Alaska ជាទីដែលលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ។
លោក Trumpពុំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននោះទេ មុនពេលរូបលោកឡើងលើយន្តហោះ Air Force One ។ លោកបានងាកមុខ និងបក់ដៃ មុនពេលដើរចូលក្នុងយន្តហោះ ។
មេដឹកនាំអាមេរិករូបនេះ ដែលបានកំណត់ចក្ខុវិស័យរបស់លោកក្នុងការទទួលបានបទឈប់បាញ់នៅក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំកន្លងរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឯកភាពកាលពីសប្តាហ៍មុន ឲ្យមានជំនួបកំពូលរុស្ស៊ី-សហរដ្ឋអាមេរិកជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២១ ជាការបញ្ជប់ភ្លាមៗការប៉ុនប៉ងរបស់លោកខាងលិចក្នុងការធ្វើឲ្យមេដឹកនាំវិមានក្រឹមឡាំងឯកា ។
លោក Trumpបាននិយាយប្រាប់មេដឹកនាំអឺរ៉ុបក្នុងសប្តាហ៍នេះថា គោលបំណងរបស់លោកគឺចង់ទទួលបានបទឈប់បាញ់ ហើយលោកគ្មានបំណងពិភាក្សាលើលទ្ធភាពនៃការបែងចែកទឹកដីនោះទេ បើទោះបីជារយៈពេលប៉ុន្មានថ្ងៃមុននោះ លោកនិយាយថា នឹងមានការដោះដូរទឹកដីមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ៕