នាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ បានថ្កោលទោសទង្វើ «បង្ហាញការស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ» បន្ទាប់ពីដើមឈើរំលឹកអនុស្សាវរីយ៍មួយដើមដាំជាការផ្ដល់កិត្តិយសដល់បុរសជនជាតិជ្វីហ្វ-បារាំងវ័យក្មេងម្នាក់ ដែលត្រូវបានគេធ្វើទារុណកម្ម រហូតដល់ស្លាប់ ក្នុងឆ្នាំ២០០៦ ត្រូវបានកាប់បំផ្លាញ នៅខាងក្រៅទីក្រុងប៉ារីស។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៦ មនុស្សមា្នក់ឈ្មោះ Ilan Halimi អាយុ ២៣ឆ្នាំ ត្រូវបានចាប់ពង្រាត់ដោយក្រុមអន្ធពាលយុវជន និងធ្វើទារុណកម្មនៅក្នុងលំនៅឋានមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Bagneux។ ៣សប្តាហ៍ក្រោយមក រូបគេបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។
ក្រុមមន្ត្រីបានឲ្យដឹងថា ដើមអូលីវមួយដើមដែលត្រូវបានដាំក្នុងឆ្នាំ២០១១ ដើម្បីទុកជាការចងចាំ ចំពោះ Halimi ត្រូវបានកាប់បំផ្លាញ ដែលប្រហែលជាប្រើរណារម៉ាស៊ីន ពេញមួយយប់ថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងជាយក្រុងប៉ារីសនៃតំបន់ Epinay-sur-Seine។
សកម្មភាពនេះបានបង្កឲ្យមានក្ដីបារម្ភជាថ្មី អំពីការកើនឡើងនូវអំពើប្រឆាំងជនជាតិជ្វិហ្វ និងឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងប្រទេសបារាំង។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X របស់លោក នាថ្ងៃសុក្រនេះ លោក Bayrou បានលើកឡើងថា៖ «ដើមឈើតំណាងឲ្យការចងចាំចំពោះ Ilan Halimi ដែលមានន័យថា រូបគេនៅរស់រហូតនោះ ត្រូវបានកាប់បំផ្លាញដោយទង្វើស្អប់ខ្ពើមប្រឆាំងជនជាតិជ្វីហ្វ»។ លោកបានបញ្ជាក់បន្ថែមថា៖ «គ្មានឧក្រិដ្ឋកម្មណាមួយ អាចលុបបំបាត់ការចងចាំបានទេ។ ការប្រយុទ្ធគ្មានទីបញ្ចប់ប្រឆាំងនឹងថ្នាំពុលដ៏សាហាវនៃការស្អប់ខ្ពើម គឺជាកាតព្វកិច្ចចម្បងរបស់យើង»៕