ក្រុមមន្រ្តីនិយាយថា ទឹកជំនន់ដ៏គំហុសបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សជាង ២០០នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ស្របពេលដែលក្រុមជួយសង្រ្គោះ ជម្លៀសមនុស្សប្រហែល ១.៦០០នាក់ចេញពីស្រុកតំបន់ភ្នំចំនួន ២កន្លែង ទៅកាន់ទីសុវត្ថិភាព ។
ភ្លៀងធ្លាក់ខ្លាំង មានការកើនឡើងគួរឲ្យកត់សំគាល់នៅតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌា និងតំបន់ភាគខាងជើងប្រទេសប៉ាគីស្ថាន បង្កឲ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ។
ព្យុះភ្លៀងមាននូវសក្តានុពលបង្កភាពវឹកវរ បណ្តាលឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ នៅតាមតំបន់ភ្នំ ។
ក្រុមអ្នកជំនាញនិយាយថា ព្យុះភ្លៀង បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារបម្រែបម្រលអាកាសធាតុ ខណៈការខូចខាតពីព្យុះ បានកើនឡើងដូចគ្នា ដោយសារការអភិវឌ្ឍគ្មានផែនការនៅតាមតំបន់ភ្នំ ។
នៅថ្ងៃសុក្រនេះដែរ ក្នុងតំបន់កាស្មៀ ប្រទេសឥណ្ឌា ក្រុមជួយសង្រ្គោះ កំពុងស្វែងករកមនុស្សបាត់ខ្លួននៅភូមិដាច់ស្រយាល Chositi ស្ថិតនៅតំបន់ភ្នំហិម៉ាឡៃ ក្រោយទឹកជំនន់ដ៏គំហុកកាលពីរយៈពេល ១ថ្ងៃមុន បណ្តាលឲ្យមនុស្សយ៉ាងហោច ៦០នាក់ ស្លាប់ និងមនុស្ស ៨០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕