យេមែន៖ ក្រុមឧទ្ទាមហួធីរបស់ប្រទេសយេម៉ែនកាលពីថ្ងៃចន្ទបានអះអាងថា ពួកគេនៅពីក្រោយការវាយប្រហារសំដៅទៅលើទីតាំងរបស់ប្រទេសអារ៉ាប់រួម។ ការអះអាងតាមទូរទស្សន៍បានធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃចន្ទ ដែលបានកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុង Abu Dhabi បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់។

ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅព្រលានយន្តហោះអន្តរជាតិ Abu Dhabi។ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមឧទ្ទាមហួធី អ្នកនាំពាក្យយោធាលោក Yehia Sarea បាននិយាយថា កងកម្លាំងរបស់លោកបានប្រើប្រាស់មីស៊ីលផ្លោង និងយន្តហោះដ្រូនដើម្បីវាយប្រហារអាកាសយានដ្ឋាន Abu Dhabi និងទីក្រុង Dubai ព្រមទាំងរោងចក្រចម្រាញ់ប្រេង និងទីតាំងផ្សេងៗទៀតក្នុងប្រទេសអារ៉ាប់រួម។ អ្នកនាំពាក្យរូបនេះមិនបានផ្តល់ភស្តុតាងផ្ទាល់ដើម្បីគាំទ្រពីការអះអាងនេះទេ។ លោក Sarea បានបន្តព្រមានក្រុមហ៊ុនបរទេស និងប្រជាជនថា ពួកឧទ្ទាមនឹងបន្ថែមគោលដៅរបស់ពួកគេនៅក្នុងប្រទេសអារ៉ាប់រួម។ អារ៉ាប់រួមបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ប្រឆាំងទៅនឹងពួកឧទ្ទាមហួធីនៅប្រទេសយេម៉ែន។ ក្រុមហួធីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានបណ្តេញរដ្ឋាភិបាល ដែលគាំទ្រដោយអន្តរជាតិរបស់ប្រទេសយេម៉ែនកាលពីឆ្នាំ២០១៤៕
អត្ថបទ៖ ប៊ុនថន