នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ២នាក់ នៅថ្ងៃសុក្រ (ទី១៥ ខែសីហា) នេះ បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាមមួយ ក្នុងទីក្រុង Orebro របស់ប្រទេសស៊ុយអែត ដោយបន្ថែមថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេត ដែលអាចជាការប៉ុនប៉ងឃាតកម្ម។
អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មាន Reuters ថា ជនរងគ្រោះទាំង ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ តែរូបលោកបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីកម្រិតរបួសរបស់ពួកគេទេ។
ដោយដកស្រង់សម្ដីសាក្សីដែលមិនបង្ហាញអត្តសញ្ញាណ ទូរទស្សន៍សាធារណៈ SVT បានរាយការណ៍ថា មនុស្សម្នាក់រងការបាញ់ប្រហារភ្លាមៗ បន្ទាប់ពីចាកចេញពីវិហារឥស្លាម ក្រោយធ្វើការអធិដ្ឋាន នៅថ្ងៃសុក្រនេះ។
គួររំលឹកថា កាលពីខែកុម្ភៈ សិស្សានុសិស្ស និងគ្រូបង្រៀន ១០នាក់ ត្រូវបានសម្លាប់ ដោយសារបាញ់ប្រហារនៅទីក្រុង Orebro ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ នៅភាគខាងលិចនៃរដ្ឋធានី Stockholm ដែលជាការវាយប្រហារដោយកាំភ្លើងបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសស៊ុយអែត៕