ប្រទេសអេស្ប៉ាញ ទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿង ពីប្រទេសបារាំង ក្រោយស្នើសុំជំនួយពីប្រទេសដៃគូអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃកំពុងកើតឡើង ។
យន្តហោះ ២គ្រឿងនេះ បានចុះចតនៅអាកាសយានដ្ឋាន Santiago de Compostela ហើយត្រូវបានគេរំពឹងថានឹងចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Galicia ។
ភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញ កាន់តែធ្ងន់ធ្ងរទៅដោយសាររលកកម្តៅរយៈពេលយូរបំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើម ។ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ភ្លើងឆេះព្រៃ បានឆាបឆេះដីព្រៃប្រហែល ១៤៨.០០០ហិចតា ដែលជាផ្ទៃដីធំបំផុតទី ២រងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ចាប់តាំងពីឆ្នាំ ២០០៦ ។
ភ្លើងឆេះព្រៃជាង ២០កន្លែង កំពុងបន្តឆាបឆេះ និងរីករាលដាលកាន់តែខ្លាំងដោយសារខ្យល់បក់ និងអាកាសធាតុក្តៅខ្លាំង ។ មនុស្សប្រហែល ៩.៥០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុងរបស់ពួកគេ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ៕