ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករម្ចាស់ចំការ និងអាជីវករមានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី។
នៅក្នុងជំនួបសម្តែងការគួរសម និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួងជាមួយក្រុមហ៊ុន ហ័រឡុង ឯកឧត្តម វេង សាខុន បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម ដោយការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។
ឯកឧត្តម សង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពង់ដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហិចតា ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារពិព័រណ៍កសិផលកន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។
តាមរយៈជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ និងចេកអំបូងលឿងនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក។
មួយវិញទៀត សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ៕អត្ថបទ៖ ឈិត បូរ៉ាវី



