
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបិទបញ្ចប់កិច្ចប្រជុំកំពូលមានបញ្ហាប្រឈមខ្ពស់ដែលនឹងសាកល្បងការសន្យារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមនៅអ៊ុយក្រែន។
ដោយគូសបញ្ជាក់ថា ជំនួបកំពូលរវាងរុស្ស៊ី-អាមេរិក ពុំដែលបានធ្វើឡើងក្នុងរយៈពេលជាងបួនឆ្នាំនៅមុនថ្ងៃនេះ លោកPutin បានពណ៌នាអំឡុងពេលនេះថា «លំបាកខ្លាំងសម្រាប់ទំនាក់ទំនងទ្វេភាគី»។
លោកនិយាយថា «សូមនិយាយដោយស្មោះត្រង់ វាបានធ្លាក់ចុះដល់ចំណុចទាបបំផុតចាប់តាំងពីសង្រ្គាមត្រជាក់ ហើយនេះពុំមែនជាការល្អសម្រាប់ប្រទេសរបស់យើង ឬពិភពលោកទាំងមូលនោះទេ»។

«ជាក់ស្តែង មិនយូរមិនឆាប់ ចាំបាច់ត្រូវកែសម្រួលស្ថានការណ៍ ដើម្បីផ្លាស់ប្តូរពីការប្រឈមមុខដាក់គ្នា ទៅជាកិច្ចសន្ទនា។ ហើយក្នុងន័យនេះ ជំនួបផ្ទាល់ខ្លួនរបស់ប្រមុខរដ្ឋទាំងពីរ មិនទាន់ឈានដល់កម្រិតល្អប្រសើរនៅឡើយទេ»។ លោក Putin បានដាក់ផ្កានៅផ្នូររបស់អាកាសយាននិកសម័យសូវៀត ដែលបានស្លាប់នៅរដ្ឋអាឡាស្កាក្នុងអំឡុងសង្គ្រាមលោកលើកទី២បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។ អាកាសយានិកច្រើននាក់បានស្លាប់នៅរដ្ឋអាឡាស្កាក្នុងឧបទ្ទវហេតុ ឬស្ថានភាពអាកាសធាតុមិនអំណោយផលខណៈកំពុងហ្វឹកហាត់ ឬដឹកជញ្ជូនយន្តហោះផលិតដោយសហរដ្ឋអាមេរិកទៅកាន់សហភាពសូវៀតក្រោមកម្មវិធីជួល។ មេដឹកនាំទាំងពីរ បាននិយាយទៅកាន់អ្នកសារព័ត៌មានសរុបត្រឹមតែ១០ នាទីប៉ុណ្ណោះ។ លោក Putin និយាយថា មាន «កិច្ចពិភាក្សាក្នុងន័យស្ថាបនា» ហើយថា «ភាពល្អប្រសើរនៃទំនាក់ទំនងផ្ទាល់» ជាមួយលោក Trump ពេលនេះដំណើរការហើយ។ លោកបាននិយាយថា រុស្ស៊ីចាប់អារម្មណ៍ដោយស្មោះក្នុងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបានព្រមានថា «មូលហេតុឫសគល់ត្រូវតែត្រូវបានលុបចោល» ហើយការព្រួយបារម្ភរបស់រុស្ស៊ីត្រូវតែបានលើកយកមកពិចារណា»។