ក្រុមបាតុករគាំទ្រអ៊ុយក្រែន បានត្រដាងទង់ជាតិអ៊ុយក្រែនដ៏ធំនៅក្នុងទីក្រុងអាំងខូរេច(Anchorage) រដ្ឋ Alaska កាលពីថ្ងៃសុក្រ ខណៈលោក Trump និងលោក Putin បានជួបទល់មុខគ្នា ក្នុងកិច្ចប្រជុំកំពូលមានបញ្ហាប្រឈមខ្ពស់ដែលអាចកំណត់ថាតើបទឈប់បាញ់អាចឈានដល់សម្រាប់សង្រ្គាមដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបឬយ៉ាងណា ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
នៅមុនកិច្ចពិភាក្សា លោក Trump បានស្វាគមន៍មេដឹកនាំរុស្ស៊ីលើកម្រាលព្រំក្រហមលើផ្លូវយន្តហោះរត់នៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក។ មេដឹកនាំទាំងពីរចាប់ដៃគ្នាយ៉ាងកក់ក្តៅ មុនពេលឡើងជិះរថយន្តលីម៉ូរបស់លោក Trump ទៅកាន់ទីតាំងជំនួបកំពូលនៅក្បែរនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលពុំត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកព្រួយបារម្ភថា លោក Trump អាចធ្វើឲ្យអ៊ុយក្រែនបាត់បង់ទឹកដីតាមរយៈការព្យាយាមផ្អាកការប្រយុទ្ធជាមួយរុស្ស៊ីនិងទទួលស្គាល់ ប្រសិនបើវាជាព័ត៌មានក្រៅផ្លូវការ គឺរុស្ស៊ីគ្រប់គ្រងមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
លោក Trump បានសង្ឃឹមថាបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល៣ឆ្នាំកន្លះ ដែលលោកPutinបានចាប់ផ្តើមនឹងនាំមកនូវសន្តិភាពដល់តំបន់ ក៏ដូចជាជំរុញការទទួលស្គាល់របស់លោកថាជាអ្នកបង្កើតសន្តិភាពពិភពលោកដែលសក្តិសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។
សម្រាប់លោក Putin កិច្ចប្រជុំកំពូលនេះគឺជាជ័យជម្នះដ៏ធំមួយរួចទៅហើយ ដែលលោកអាចបង្ហាញជាភស្តុតាងថា ប៉ុន្មានឆ្នាំនៃការប៉ុនប៉ងរបស់លោកខាងលិចដើម្បីធ្វើឲ្យរុស្ស៊ីឯកោ បានរលត់បាត់ទៅវិញ ហើយថាទីក្រុងមូស្គូកំពុងដណ្តើមយកមកវិញកន្លែងដ៏ត្រឹមត្រូវរបស់ខ្លួននៅតុកំពូលនៃផ្នែកការទូតអន្តរជាតិ។