ប្រទេសព័រទុយហ្គាល់ មានអ្នកស្លាប់ដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ដោយសារចំហេះព្រៃនៅទីនោះ ខណៈទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្ប៉ាញបានព្រមានពី«ហានិភ័យខ្ពស់» នៃចំហេះព្រៃបន្ថែមទៀតអំឡុងពេលរលកកម្តៅខ្លាំងនៅអឺរ៉ុប។ នៅភាគខាងកើត ប្រទេសក្រិកនៅតែប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើងនៅលើកោះ Aegean ប៉ុន្តែស្ថានភាពបានប្រសើរឡើងសម្រាប់បណ្តាប្រទេសនៅអឺរ៉ុបខាងត្បូងមួយចំនួន។
ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសពីអ្នកស្លាប់អតីតអភិបាលក្រុង Guarda ភាគខាងកើត លោក Carlos Damaso ដែលបានប្រយុទ្ធទប់ស្កាត់អគ្គិភ័យ។ លោកប្រធានាធិបតីបាននិយាយថា លោកបានកាត់បន្ថយថ្ងៃសម្រាកវិស្សមកាលរបស់លោក ហើយត្រឡប់ទៅធ្វើការវិញ ដោយចូលរួមកិច្ចប្រជុំរបស់អាជ្ញាធរជាតិសង្គ្រោះបន្ទាន់ និងការពារជនស៊ីវិល។
រយៈពេលជាច្រើនថ្ងៃមកនេះ ក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើនពាន់នាក់បាននិងកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅក្នុងតំបន់ផ្សេងៗរបស់ប្រទេស។ ប្រធានាធិបតីរបស់ប្រទេសព័រទុយហ្គាល់ ក៏ដូចជាប្រទេសអេស្ប៉ាញ បានអំពាវនាវសុំយន្តការការពារស៊ីវិលពីសហភាពអឺរ៉ុបសម្រាប់ជំនួយដោយបានស្នើសុំយន្តហោះពន្លត់អគ្គិភ័យចំនួន៤គ្រឿងប្រើប្រាស់រហូតដល់ថ្ងៃច័ន្ទ។
នៅក្នុងប្រទេសអេស្បាញ មនុស្ស៣នាក់បានស្លាប់នៅក្នុងអគ្គិភ័យ រួមទាំងអ្នកស្ម័គ្រចិត្តវ័យក្មេងពីរនាក់ក្នុងវ័យ៣០ឆ្នាំដែលបានបាត់បង់ជីវិតក្នុងពេលព្យាយាមពន្លត់ភ្លើងព្រៃ។