អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada បាននាំគ្នាធ្វើកូដកម្ម នៅព្រឹកថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បន្ទាប់ពីកិច្ចពិភាក្សា អំពីកិច្ចសន្យា ជាមួយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសមួយនេះ បានជាប់គាំង ជាហេតុការណ៍ដែលប៉ះពាល់ដល់អ្នកដំណើរជាង ១០០.០០០នាក់។
សហជីពដែលតំណាងអ្នកបម្រើលើយន្តហោះជាង ១០.០០០នាក់ បានបញ្ជាក់ពីកូដកម្មនេះ នៅលើបណ្ដាញសង្គម នៅម៉ោងប្រហែល ១:០០ព្រឹក (ម៉ោងក្នុងស្រុក)។ នេះគឺជាការធ្វើកូដកម្មលើកដំបូងហើយ ដោយក្រុមបុគ្គលិកក្នុងកាប៊ីន គិតចាប់តាំងពីឆ្នាំ១៩៨៥ មក។ អ្នកបម្រើតាមយន្តហោះ បច្ចុប្បន្ន ទទួលបានប្រាក់តែនៅពេលយន្តហោះនៅលើអាកាសប៉ុណ្ណោះ ខណៈដែលសហជីពស្វែងរកឲ្យមានការបង់ប្រាក់ សម្រាប់ពេលវេលាដែលបានចំណាយនៅលើដី ពោលគឺនៅពេលជួយអ្នកដំណើរ អំឡុងពេលឡើងលើយន្តហោះផងដែរ។
ក្រុមហ៊ុន Air Canada ដែលមានមូលដ្ឋាននៅទីក្រុង Montreal បានប្រាប់ថា ខ្លួនរំពឹងថា នឹងលុបចោលជើងហោះហើរចំនួន ៥០០វ៉ុល នៅត្រឹមថ្ងៃសុក្រ ដោយអ្នកដំណើរប្រហែល ១០០.០០០នាក់ បានរងផលប៉ះពាល់។ ក្រុមហ៊ុនអាកាសចរណ៍នេះ និងសាខារបស់ខ្លួន ដែលមានតម្លៃទាប Air Canada Rouge ដឹកជញ្ជូនអ្នកដំណើរប្រហែល ១៣០.០០០នាក់ ជារៀងរាល់ថ្ងៃ ហើយដំណើរការជើងហោះហើរច្រើនបំផុតជាងគេទៅកាន់សហរដ្ឋអាមេរិក ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍បរទេស។
ក្រុមហ៊ុន Air Canada បានស្នើសុំអាជ្ញាកណ្តាលពីរដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់នាយករដ្ឋមន្ត្រី លោក Mark Carney ខណៈដែលសហជីពបុគ្គលិកសាធារណៈកាណាដា បានជំទាស់។ រដ្ឋមន្ត្រីការងារ លោកស្រី Patty Hajdu បានអំពាវនាវម្តងហើយម្តងទៀតឲ្យភាគីទាំង២ ត្រលប់ទៅកាន់ការចរចា៕