នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen នៅថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បានលើកឡើងថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រែទៅជាអ្នកបង្ក «បញ្ហា» ដោយបន្ថែមថា លោកស្រី នឹងព្យាយាមដាក់សម្ពាធលើអ៊ីស្រាអែល ជុំវិញសង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលប្រទេសរបស់លោកស្រី បច្ចុប្បន្នកាន់តំណែងជាប្រធានសហភាពអឺរ៉ុប។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jyllands-Posten លោកស្រី Frederiksen បានបញ្ជាក់ថា៖ «ឥឡូវនេះ លោក Netanyahu គឺជាអ្នកបង្កបញ្ហាដោយខ្លួនលោកផ្ទាល់»។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលបានទៅ «ឆ្ងាយពេកហើយ» ពីគោលដៅរបស់ខ្លួន។
ហើយមេដឹកនាំស្តាំ-កណ្តាលនិយមបានរិះគន់ស្ថានភាពមនុស្សធម៌ «ដ៏គួរឲ្យរន្ធត់ និងមហន្តរាយទាំងស្រុង» នៅក្នុងតំបន់ហ្កាហ្សា និងគម្រោងតាំងទីលំនៅថ្មី នៅតំបន់កាន់កាប់ West Bank។
លោកស្រីបាននិយាយថា៖ «យើងជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចង់បង្កើនសម្ពាធលើអ៊ីស្រាអែល ប៉ុន្តែយើងមិនទាន់ទទួលបានការគាំទ្រពីសមាជិកសហភាពអឺរ៉ុបនៅឡើយទេ»។
ជាមួយគ្នានេះ ដោយសំដៅលើទណ្ឌកម្មពាណិជ្ជកម្ម ឬការស្រាវជ្រាវ លោកស្រី Frederiksen បានសង្កត់ធ្ងន់ថា លោកស្រីចង់ពិចារណា «សម្ពាធនយោបាយ ការដាក់ទណ្ឌកម្ម មិនថា ចំពោះអ្នកតាំងទីលំនៅ រដ្ឋមន្ត្រី ឬសូម្បីតែប្រទេសអ៊ីស្រាអែលទាំងមូល»៕