ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី នាថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ការផ្ទុះ នៅឯរោងចក្រមួយ ក្នុងតំបន់ Ryazan របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១១នាក់ស្លាប់ និង ១៣០នាក់ផ្សេងទៀងរងរបួស។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើកម្មវិធីផ្ញើសារ Telegram ក្រសួងបានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកតាមកម្ទេចថ្មនៅកន្លែងកើតហេតុនៃការផ្ទុះដែលមានចម្ងាយ ៣២០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុងមូស្គូ។
អភិបាលតំបន់ Ryazan លោក Pavel Malkov បាននិយាយកាលពីថ្ងៃសុក្រថា ឧបទ្ទវហេតុនេះ ត្រូវបានបង្កឡើងដោយអគ្គិភ័យ ដែលបានឆាបឆេះឡើងនៅខាងក្នុងរោងជាង នៅរោងចក្រនេះ។
មិនមានការផ្ដល់ព័ត៌មានអំពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យ និងមិនដឹងថា តើរោងចក្រផលិតនេះផលិតអ្វីឡើយ។ នៅមុននេះ យានដ្រូនរបស់អ៊ុយក្រែន បានកំណត់គោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច នៅក្នុងតំបន់ Ryazan នេះ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួន បានរាយការណ៍ថា ការផ្ទុះនេះបណ្តាលមកពីរំសេវត្រូវបានភ្លើងឆាបឆេះ៕