ហ្វីលីពីន និងអូស្ត្រាលី បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសទាំង២ ស្របពេលដែលភាពតានតឹង នៅតែបន្តមាន ក្នុងសមុទ្រចិនខាងត្បូង។
យោធាហ្វីលីពីន កាលពីយប់ថ្ងៃសុក្រ (ទី១៥ ខែសីហា) បានឲ្យដឹងថា សមយុទ្ធរួមគ្នា ដែលរួមមានទាំងសមយុទ្ធ នៅក្នុងខេត្ត Palawan នៅទល់មុខនឹងសមុទ្រចិនខាងត្បូង នឹងដំណើរការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែសីហានេះ។
ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីបុគ្គលិកយោធាចំនួន ៣.៦០០នាក់ មកពីហ្វីលីពីន និងអូស្ត្រាលី ដោយមានការចូលរួមបន្ថែមពីកងទ័ពជើងទឹកភូមិន្ទកាណាដា និងកងម៉ារីនសហរដ្ឋអាមេរិក។ យោធាហ្វីលីពីនបានបញ្ជាក់ថា៖ «នេះគឺជាការចាប់ផ្តើមនៃការហ្វឹកសមដ៏ទូលំទូលាយ និងស្មុគស្មាញបំផុតនៃសមយុទ្ធការពារជាតិទ្វេភាគី គិតចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣»។
គួរបញ្ជាក់ថា ទីក្រុងម៉ានីលបានងាកទៅរកប្រទេសដែលមានគំនិតដូចគ្នាកាន់តែខ្លាំងឡើងៗ ដើម្បីទប់ទល់នឹងឥទ្ធិពល និងការអះអាងសិទ្ធិអធិបតេយ្យរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង៕