យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រជាពលរដ្ឋហ្កាហ្សា នឹងត្រូវបានផ្តល់តង់ និងសម្ភារៈទីជម្រកផ្សេងទៀតចាប់ពីថ្ងៃអាទិត្យ១៧ ខែសីហា មុនពេលផ្លាស់ប្តូរទីលំនៅពួកគេពីតំបន់ប្រយុទ្ធនានាទៅកាន់ភាគខាងត្បូងនៃតំបន់រងការឡោមព័ទ្ធនេះដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ចំណាត់ការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនមានបំណងបើកការវាយលុកថ្មីមួយដើម្បីដណ្តើមកាន់កាប់ទីក្រុង ហ្កាហ្សា ភាគខាងជើង ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់តំបន់នេះ ក្នុងផែនការដែលបានធ្វើឱ្យមានការព្រួយបារម្មណ៍ជាអន្តរជាតិអំពីជោគវាសនានៃដែនដីដែលត្រូវបានបំផ្លាញ មានប្រជាជនប្រហែល ២,២ លាននាក់មួយនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យមុន បាននិយាយថា មុនពេលចាប់ផ្តើមការវាយលុក ប្រជាជនស៊ីវិលនឹងត្រូវបានជម្លៀសទៅកាន់អ្វីដែលលោកបានហៅថាជា "តំបន់សុវត្ថិភាព" ពីទីក្រុងហ្កាហ្សា ដែលលោកហៅថាជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស។
យោធាបាននិយាយថា សម្ភារៈជម្រកនឹងត្រូវបញ្ជូនតាមច្រក Kerem Shalom នៅភាគខាងត្បូងហ្កាហ្សា ដោយអង្គការសហប្រជាជាតិ និងអង្គការជំនួយអន្តរជាតិផ្សេងទៀត បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយបុគ្គលិកក្រសួងការពារជាតិ។
អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានសម្តែងការព្រួយបារម្ភចំពោះផែនការរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅប្រជាជនទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយនិយាយថាវិធានការនេះ បានត្រឹមតែបង្កើនការឈឺចាប់ប៉ុណ្ណោះ៕

