ក្រុមបាតុករពោពេញដោយកំហឹង បានប៉ះទង្គិចជាមួយនគរបាលនៅក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសស៊ែរប៊ី និងក្នុងរដ្ឋធានី Belgrade កាលពីថ្ងៃសៅរ៍ ខណៈភាពតានតឹងបានកើនឡើងបន្ថែមទៀតក្នុងប្រទេសនៅតំបន់បាល់កង់មួយនេះ បន្ទាប់ពីមានបាតុកម្មហិង្សាជាច្រើនថ្ងៃ។
អំឡុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតីលោក Aleksandar Vucic យុវជនមួយក្រុមបានគប់ភ្លើងលើ ការិយាល័យគណបក្សជឿនលឿនស៊ែរប៊ីរបស់លោកនៅទីក្រុង Valjevo ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីរដ្ឋធានី Belgrade ។
ពួកគេបានគប់ភ្លើងលើការិយាល័យរបស់គណបក្សនេះ មុនពេលប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្មនៅក្នុងទីប្រជុំជនមួយ។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចោទប្រកាន់បាតុករដែលគប់ដបទឹក ថ្ម និងភ្លើងលើពួកគេ។
ការប៉ះទង្គិចស្រដៀងគ្នានេះក៏បានផ្ទុះឡើងផងដែរកាលពីល្ងាចថ្ងៃសៅរ៍នៅទីក្រុង Novi Sad ភាគខាងជើង និងក្នុងរដ្ឋធានី Belgrade ដោយកងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ ខណៈកំពុងតតាំងជាមួយក្រុមបាតុករដែលបានដុតធុងសំរាម។
គួររម្លឹកថាការតវ៉ាជាច្រើនខែមកនេះនៅតែបន្តក្នុងប្រទេសស៊ែរប៊ី ក្រោយឧបទ្ទវហេតុបាក់រលំដំបូលស្ថានីយរថភ្លើងសម្លាប់មនុស្ស១៦នាក់ នៅទីក្រុង Novi Sad ៕