បាល់ទាត់៖ ក្រុមវិសាខាបានបន្ដរៀបចំកម្មវិធីសប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់លើកទី៣ នៅលើទឹកដីខេត្តបាត់ដំបង ដោយមានកុមារកំព្រាប្រមាណ ១៣៣នាក់បានចូលរួមកីឡាដកស្រង់បទពិសោធន៍ និងស្វែងយល់ពីបច្ចេកទេសបាល់ទាត់ជាមួយកីឡាករ នៃក្លឹបសមាជិកលីគកំពូលកម្ពុជាមួយនេះ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោម កុមារចូលរួមទាំងអស់មានប្រមាណជាង ៦០% ឯណោះគឺជាកីឡាការិនី ដែលធ្វើឲ្យថ្នាក់ដឹកនាំក្លឹបមានការចាប់អារម្មណ៍ និងមានមោទនភាពជាខ្លាំងចំពោះពួកគេ។
កម្មវិធីសប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់នេះ គឺបានធ្វើឡើងនៅកីឡដ្ឋាននៃទីរួមខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ឯកឧត្ដម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលជាប្រធានក្លឹបបាល់ទាត់វិសាខា រួមទាំងឯកឧត្ដម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា-ខេត្តបាត់ដំបង និងសមាជិកក្រុមបាល់ទាត់វិសាខាទាំងអស់ផងដែរ។ ឯកឧត្ដម ស សុខា បានបញ្ជាក់ថា កាលពីលើកទី១ និងលើកទី២ កម្មវិធីសប្បុរសធម៌របស់ក្លឹបនេះគឺធ្វើនៅខេត្តព្រៃវែង ដោយមានការចូលរួមពីកុមារកំព្រា និងសិស្សបឋមសិក្សាម្ដងប្រមាណជាង ១០០នាក់ដែរ តែលើកទី៣ នេះលោកបានភ្ញាក់ផ្អើល ចំពោះវត្តមានចូលរួមភាគច្រើនគឺជាស្ដ្រី។ តាមរយៈកម្មវិធីនេះដែរឯកឧត្ដមរំពឹងថា នឹងក្លាយជាផ្នែកមួយ ដើម្បីបណ្ដុះក្ដីស្រម៉ៃដល់កុមារា-កុមារីកំព្រាក្នុងខេត្តឲ្យពួកគេមានការតស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅនាថ្ងៃអនាគត តាមរយៈការឧស្សាហព្យាយាម និងចេះធ្វើការងារជាក្រុមដូចក្រុមបាល់ទាត់នេះដែរ។
លោក ហុក សុចិត្រា អ្នកចាត់ការក្លឹបវិសាខាបានបញ្ជាក់ដែរថា នេះមិនមែនជាលើកចុងក្រោយ នៃកម្មវិធីសប្បុរសធម៌នេះឡើយ ពោលគឺក្លឹបមានទស្សនវិស័យវែងឆ្ងាយបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យបាល់ទាត់ ការងសង្គម ចែករំលែកបទពិសោធន៍ដល់កុមារ ពិសេសគឺការផ្ដល់ឱកាសសម្រាប់កុមារមានសមត្ថភាព និងទេពកោសល្យ ដើម្បីក្លាយជាសមាជិករបស់គ្រួសារ ក្រុមបាល់ទាត់វិសាខានាពេលអនាគត ខណៈក្លឹបកំពុងរៀបចំគម្រោងបង្កើត ក្រុមបាល់ទាត់ថ្នាលក្នុងពេលឆាប់ៗខាងមុខ ហើយថ្នាលទាំងនោះក៏នឹងត្រូវធ្វើការជ្រើសរើស ចេញពីតាមបណ្ដាលខេត្តផ្ទាល់ផងដែរ៕
អត្ថបទ៖ លី ឈុនឡា