សារព័ត៌មាន Geo News បានរាយការណ៍ដោយដកស្រង់សម្ដីពីក្រុមអាជ្ញាធរកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានកើនឡើងដល់ ៣៥១ នាក់ ។

ក្រុមមន្ត្រីនិយាយថាមនុស្សជាង២០០នាក់នៅតែបាត់ខ្លួនក្នុងស្រុកដែលរងគ្រោះធ្ងន់ធ្ងរ។
នៅក្នុងខេត្ត Khyber Pakhtunkhwa មនុស្ស ៣២៨នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ខណៈតំបន់ភ្នំ Gilgit-Baltistan ភាគខាងជើង ប្រទេសនេះ បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ១២ នាក់ ហើយ តំបន់ Azad Jammu និង Kashmir ដែលត្រូវបានគេស្គាល់ថាជា ដែនដី Kashmir គ្រប់គ្រងដោយប៉ាគីស្ថាន បានរកឃើញអ្នកស្លាប់ចំនួន១១ នាក់។
ក្រុមអាជ្ញាធរមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តក្នុងតំបន់រងគ្រោះខ្លាំងបំផុត ដែលទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីបានបំផ្លាញផ្ទះសម្បែង អាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
រដ្ឋាភិបាលខេត្ត Khyber Pakhtunkhwa បានប្រកាសអាសន្ននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំងអស់ ខណៈចំនួនអ្នកស្លាប់បានកើនឡើង ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួននៅតែបន្ត។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានព្រមានពីឥទ្ធិពលភ្លៀងមូសុងផ្សេងទៀត ចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃ១០កញ្ញា៕

