ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីលំនៅអ្នកស្រុកពីទីក្រុងហ្កាហ្សា បង្កើតបានជារលកថ្មីនៃការប្រល័យពូជសាសន៍ និងការជម្លៀស សម្រាប់ប្រជាជនរាប់សែននាក់នៅក្នុងតំបន់នេះ។

ក្រុមនេះបាននិយាយថា ការដឹកជញ្ជូនកៅស៊ូតង់ និងឧបករណ៍ជម្រកផ្សេងទៀត ដែលបានគ្រោង ដោយអ៊ីស្រាអែលទៅកាន់ភាគខាងត្បូងហ្កាហ្សា គឺជាការបោកបញ្ឆោត ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំផ្តល់តង់ និងឧបករណ៍ផ្សេងទៀត ចាប់ផ្តើមពីថ្ងៃអាទិត្យ១៧សីហាមក មុនពេលផែនការរបស់ខ្លួនក្នុងការផ្លាស់ទីលំនៅអ្នកស្រុកពីតំបន់ប្រយុទ្ធទៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
ក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពង្រាយតង់ក្រោមគោលបំណងមនុស្សធម៌ គឺជាការបោកបញ្ឆោតដោយចេតនា ដើម្បីលាក់បាំងឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលកងកម្លាំងកាន់កាប់ដែនដីនេះ រៀបចំដើម្បីប្រហារជីវិតមនុស្ស។
អ៊ីស្រាអែលបាននិយាយនៅដើមខែនេះថា ខ្លួនមានបំណងបើកការវាយលុកថ្មីមួយ ដើម្បីដណ្តើមកាន់កាប់ភាគខាងជើងនៃទីក្រុង ហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់តំបន់ដែលអ៊ីស្រាអែល បានឡោមព័ទ្ធនេះ។ ផែនការនេះបានបង្កើនការព្រួយបារម្ភជាអន្តរជាតិជុំវិញជោគវាសនានៃដែនដីដែលរងការបំផ្លិចបំផ្លាញដី មួយនេះ សម្រាប់ជម្រករបស់ប្រជាជនប្រហែល២,២ លាននាក់៕

