ប្រទេសអេស្បាញ បានដាក់ពង្រាយទាហាន៥០០នាក់បន្ថែមទៀតពីអង្គភាពសង្គ្រោះបន្ទាន់យោធា ដើម្បីគាំទ្រដល់ប្រតិបត្តិការពន្លត់ភ្លើងព្រៃ ខណៈប្រទេសនេះប្រយុទ្ធទប់ស្កាត់ចំហេះព្រៃធំៗចំនួន២០កន្លែងនៅទូទាំងប្រទេសក្នុងអំឡុងពេលរលកកម្តៅដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅតំបន់Ourense ជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅភាគពាយព្យប្រទេសអេស្ប៉ាញថា «នៅតែមានថ្ងៃនៃបញ្ហាប្រឈមមួយចំនួននៅខាងមុខ ដោយសារតែអាកាសធាតុ»។

លោកបានប្រកាសពីការបង្កើនកម្លាំងយោធា ដោយនាំឲ្យចំនួនទាហានសរុបដែលត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសអេស្ប៉ាញឡើងដល់១.៩០០នាក់។ ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់ភ្លើងព្រៃធំៗចំនួន១២កន្លែងនៅតំបន់ភាគពាយ័ព្យតំបន់Galiciaតែមួយ។
មន្ត្រីបាននិយាយថា «លំនៅឋានច្រើនខ្នងនៅតែស្ថិតក្រោមការគំរាមកំហែង ដូច្នេះយើងត្រូវជម្លៀសប្រជាជនចេញ»។ ការប្រកាសនេះបានធ្វើឡើងខណៈអាជ្ញាធរកំពុងរង់ចាំការមកដល់នៃយន្តហោះពន្លត់អគ្គិភ័យដែលបានសន្យាពីបណ្តាប្រទេសអឺរ៉ុប។
អាជ្ញាធរតំបន់ Galician បានណែនាំប្រជាជនឱ្យពាក់ម៉ាស់ និងកំណត់ពេលវេលារបស់ពួកគេដែលចំណាយពេលនៅខាងក្រៅ ដើម្បីជៀសវាងការស្រូបផ្សែង និងផេះ។