ភាគហ៊ុនអាស៊ីភាគច្រើនហក់ឡើងថ្ងៃចន្ទ ១៨ សីហានេះ ខណៈតម្លៃប្រេងបានធ្លាក់ចុះមុនកិច្ចពិភាក្សារវាងលោក Donald Trump ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន។

លោកប្រធានាធិបតីអាមេរិក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃសុក្រ១៥សីហា ប៉ុន្តែកិច្ចប្រជុំកំពូលនេះ បានបរាជ័យក្នុងការទទួលបានការទម្លាយភាពទាល់ច្រកណាមួយស្តីពីបទឈប់បាញ់នៅអ៊ុយក្រែន។

តម្លៃប្រេងដែលមានការប្រែប្រួលជាច្រើនថ្ងៃ ដែលរុស្ស៊ីជាប្រទេសផលិតប្រេងឆៅដ៏សំខាន់ បានធ្លាក់ចុះវិញនៅថ្ងៃចន្ទ ជាការបន្តធ្លាក់ចុះកាលពីថ្ងៃសុក្រ។
ផ្សារភាគហ៊ុន Nikkei របស់ប្រទេសជប៉ុន បានឡើងថ្លៃ ដោយបានប្រកាសពីកំណត់ត្រាខ្ពស់ថ្មីមួយ និងបន្ថែមការកើនឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីទិន្នន័យកំណើនសេដ្ឋកិច្ចល្អប្រសើរជាងការរំពឹងទុក។
ភាគហ៊ុន Nikkei បានកើនឡើងខ្ពស់ដល់៤៣.៧៨១.៤៤ ពិន្ទុ អំឡុងពេលជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ចំណែកផ្សារភាខគហ៊ុន Topix ក៏បានកើនឡើងផងដល់កម្រិតខ្ពស់បំផុតផងដែរ។
ផ្សារភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុង ភាគហ៊ុនសៀងហៃ និងភាគហ៊ុនស៊ីដនី ក៏ហក់ឡើងខ្ពស់ដែរ ខណៈភាគហ៊ុនតៃប៉ិ របស់កោះតៃវ៉ាន់ ធ្លាក់ចុះវិញ៕