ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ (១៧ សីហា) ថា ខ្សែបន្ទាត់នៃសមរភូមិជួរមុខបច្ចុប្បន្ននៅក្នុងសង្គ្រាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី គួរតែជាមូលដ្ឋានចាប់ផ្ដើមសម្រាប់កិច្ចចរចាសន្តិភាព។

ថ្លែងនៅមុនជំនួបអនឡាញជាមួយមេដឹកនាំអឺរ៉ុប និងនៅមុនពេលធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយលោកប្រធានាធិបតី Donald Trump នៅថ្ងៃចន្ទ (១៨ សីហា) នេះ លោក Zelenskiy បានលើកឡើងថា "អ៊ុយក្រែនត្រូវការកិច្ចចរចាពិតប្រាកដ ដែលមានន័យថា អ៊ុយក្រែនអាចចាប់ផ្តើមនៅទីកន្លែងជួរមុខឥឡូវនេះ" ដោយបន្ថែមថា បណ្ដាមេដឹកនាំអឺរ៉ុប ក៏បានគាំទ្ររឿងនេះដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះបានរំលឹកឡើងវិញនូវគោលជំហររបស់លោកថា ចាំបាច់ត្រូវបង្កើតបទឈប់បាញ់មួយ ទើបបន្ទាប់មក អាចចរចាកិច្ចព្រមព្រៀងចុងក្រោយបាន។
លោក Zelenskiy ក៏បាននិយាយបន្ថែមថា អ៊ុយក្រែនមិនទាន់ដឹងពីការទាមទារទាំងអស់ដែលធ្វើឡើងដោយលោក Putin នៅឯកិច្ចប្រជុំកំពូលអាឡាស្កា ជាមួយលោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុនទេ ហើយថា អ៊ុយក្រែននឹងចំណាយពេលយូរបន្តិចដើម្បីពិនិត្យមើលលើការទាមទារទាំងនោះ ខណៈការពិភាក្សាបែបនេះមិនអាចធ្វើទៅរួចឡើយនៅក្រោម "សម្ពាធនៃអាវុធ" ដោយសង្កត់ធ្ងន់លើតម្រូវការបទឈប់បាញ់ដែលអ៊ុយក្រែន ចង់បានជាយូរមកហើយ៕