ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្សជាង ៤០នាក់ បានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុលិចទូកមួយករណីនៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីទូកដឹកមនុស្សប្រមាណ ៥០នាក់ ទៅកាន់ទីផ្សារដ៏ពេញនិយមមួយនៅភាគពាយព្យនៃរដ្ឋ Sokoto បានក្រឡាប់លិច កាលពីថ្ងៃអាទិត្យ (១៧ សីហា)។

អ្នកដំណើរទាំងនោះកំពុងជិះទូកទៅផ្សារ Goronyo ដែលជាផ្សារផលិតអាហារដ៏ពេញនិយមមួយក្នុងរដ្ឋនេះ នៅពេលគ្រោះថ្នាក់បានកើតឡើង។ លោក Zubaidar Umar ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ មនុស្ស ១០នាក់ត្រូវបានជួយសង្គ្រោះ ហើរាប់សិបនាក់ទៀតនៅបាត់ខ្លួន។
ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមសង្គ្រោះបន្ទាន់ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដើម្បីកំណត់ទីតាំងអ្នកបាត់ខ្លួន។
ឧប្បត្តិហេតុទាក់ទងនឹងការលិចទូកបែបនេះមិនមែនជារឿងចម្លែកទេនៅប្រទេសនីហ្សេរ៉យ៉ា។ កាលពី ៣សប្តាហ៍មុន មនុស្សយ៉ាងតិច ១៣នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទូកកាណូតមួយគ្រឿងដែលដឹកអ្នកដំណើរប្រហែល ១០០នាក់ បានក្រឡាប់លិចនៅក្នុងរដ្ឋ Niger ភាគកណ្តាលរបស់ប្រទេសនេះ៕
