ជនភៀសខ្លួនជាច្រើន ត្រូវបានគេមើលឃើញថាបានភៀសខ្លួនចេញទៅភាគខាងត្បូងពីទីក្រុងហ្កហ្សា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលអ៊ីស្រាអែលអំពីបំណងរបស់ខ្លួនដើម្បីគ្រប់គ្រងទីក្រុង។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំផ្តល់តង់ និងឧបករណ៍ផ្សេងទៀត ដោយបានចាប់ផ្តើមតាំងពីថ្ងៃអាទិត្យ មុនពេលផែនការរបស់ខ្លួនក្នុងការផ្លាស់ទីលំនៅពលរដ្ឋពីតំបន់ប្រយុទ្ធទៅកាន់ភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធមួយនេះ «ដើម្បីធានាបានសុវត្ថិភាពរបស់ពលរដ្ឋ»។

ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការរបស់អ៊ីស្រាអែលក្នុងការជម្លៀសប្រជាជនពីទីក្រុងហ្កាហ្សា បានបង្កើតជា «រលកថ្មីនៃអំពើប្រល័យពូជសាសន៍ និងការជម្លៀស» សម្រាប់ពលរដ្ឋរាប់សែននាក់នៅក្នុងតំបន់។ ក្រុមនេះបាននិយាយថា ការដាក់ពង្រាយតង់ និងឧបករណ៍ទីជម្រកផ្សេងៗទៀតធ្វើឡើងដោយអ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង គឺជា "ការបោកបញ្ឆោតដោយឥតលាក់លៀម» ។
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស រួមទាំងពីសម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធបំផុតរបស់ខ្លួនមួយចំនួនជុំវិញការប្រកាសថាយោធានឹងដណ្តើមយកទីក្រុងហ្កាហ្សាក្នុងពេលឆាប់ៗនេះ។
ពលរដ្ឋប៉ាឡេស្ទីនជាង៦១.០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ដែលបាននិយាយកាលពីថ្ងៃអាទិត្យ ។