រដ្ឋាភិបាលបណ្ដោះអាសន្នក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញសញ្ញាថា ប្រទេសនេះមានបំណងបញ្ចប់ភាពឯកោជាអន្តរជាតិរបស់ខ្លួន បន្ទាប់ពីការទទួលស្គាល់របស់រុស្ស៊ីនាពេលថ្មីៗនេះ លើការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមនិយម។ ក្រុមតាលីបង់ បានឡើងកាន់អំណាចវិញកាលពីខែសីហា ឆ្នាំ២០២១។

លោក Din Mohammad Hanif រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយNHK នៅទីក្រុងកាប៊ុល ដែលការសម្ភាសន៍បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានក្លាយជារដ្ឋដំបូងគេទទួលស្គាល់រដ្ឋាភិបាលក្រុមតាលីបង់ កាលពីខែមុន។ លោក Hanif បាននិយាយថា ការទទួលស្គាល់នេះមានអត្ថប្រយោជន៍ល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

លោកបានសម្តែងក្តីសង្ឃឹមថា រុស្ស៊ីនឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងការវិនិយោគ និងការអភិវឌ្ឍន៍ធនធានរ៉ែរបស់ប្រទេស។ លោក Hanif និយាយថា ពួកគេក៏នឹងស្នើសុំប្រទេសផ្សេងៗទៀត រួមទាំងប្រទេសជប៉ុន ឱ្យទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន។ ក្រុមនេះរំពឹងថាក្រុមហ៊ុនជប៉ុននឹងវិនិយោគនៅប្រទេសអាហ្វហ្គានីស្ថានព្រោះតែស្ថានភាពសន្តិសុខមានភាពល្អប្រសើរ។
រដ្ឋមន្ត្រីរូបនេះបានបដិសេធថា សិទ្ធិមនុស្សរបស់ស្ត្រីកំពុងត្រូវបានរំលោភបំពាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ទំនៀមទម្លាប់សាសនារបស់ប្រទេសគួរតែត្រូវបានគោរព។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានរិះគន់ចំពោះការរឹតត្បិតយ៉ាងតឹងរ៉ឹងរបស់ក្រុមតាលីបង់លើសិទ្ធិស្ត្រីក្នុងការអប់រំ និងការងារ។
រដ្ឋាភិបាលបណ្តោះអាសន្នក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីលើសពីវិស័យថាមពល។