កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរនៅថ្ងៃចន្ទ (១៨ សីហា) នេះ ដើម្បីពង្រឹងការត្រៀមខ្លួន និងការការពាររួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ខណៈទីក្រុងសេអ៊ូល លើកសកម្មភាពពាក់កណ្តាលនៃសមយុទ្ធហ្វឹកហ្វឺននេះទៅខែក្រោយ។

លំហាត់សមយោធាប្រចាំឆ្នាំឈ្មោះថា សមយុទ្ធខែលការពារសេរីភាព Ulchi Freedom Shield នេះ ដំណើរការរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែសីហា ហើយពាក់ព័ន្ធនឹងសមយុទ្ធដែលរួមបញ្ចូលការគំរាមកំហែង "ប្រាកដជាក់ស្ដែង" ក្នុងបំណងបង្កើនសមត្ថភាពរបស់សម្ព័ន្ធមិត្តទាំងពីរនៅទូទាំងផ្នែកទាំងអស់។ ទាហានកូរ៉េខាងត្បូងប្រហែល ១៨.០០០នាក់ នឹងត្រូវចល័តសម្រាប់សមយុទ្ធនៅឆ្នាំនេះ។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា សមយុទ្ធឆ្នាំនេះនឹងត្រូវធ្វើឡើងក្នុងទំហំស្រដៀងគ្នាបើធៀបនឹងឆ្នាំមុន ប៉ុន្តែសកម្មភាពប្រហែលពាក់កណ្តាលនៃលំហាត់ហ្វឹកហ្វឺនលើទីលានចំនួន ៤០ជុំ ដែលត្រូវបានគ្រោងទុក នឹងត្រូវរុញទៅខែកញ្ញា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងជាក់ស្តែងរបស់កូរ៉េខាងត្បូង ដើម្បីជួសជុលទំនាក់ទំនងដែលបែកបាក់ជាមួយកូរ៉េខាងជើងឡើងវិញ។
កូរ៉េខាងជើង តែងរិះគន់សមយុទ្ធរួមរបស់សម្ព័ន្ធមិត្តទាំងពីរជាយូរមកហើយ ថាជាការហាត់សមសម្រាប់ការឈ្លានពានប្រឆាំងនឹងខ្លួន ហើយក៏តែងធ្វើការសាកល្បងអាវុធជាការឆ្លើយតប។ កាលពីថ្ងៃទី១០ ខែសីហា ប្រមុខការពារជាតិរបស់ទីក្រុងព្យុងយ៉ាង បានរិះគន់សមយុទ្ធទ្រង់ទ្រាយធំនេះ ហើយព្រមានពីការអនុវត្តសិទ្ធិ "ការពារខ្លួន" របស់កូរ៉េខាងជើង ក្នុងករណីមានការបង្កហេតុណាមួយ៕


