ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យ ១៧ សីហា (ពេលវេលានៅសហរដ្ឋអាមេរិក) នៅមុនកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ កិច្ចប្រជុំទ្វេភាគីនេះត្រូវបានគ្រោងធ្វើឡើងនៅវេលាម៉ោងក្នុងស្រុក ១:១៥នាទីរសៀល នាថ្ងៃចន្ទ ១៨ សីហា នេះ ។

លោក Zelenskiy បានបង្ហាញក្តីសង្ឃឹមសម្រាប់ការទម្លាយភាពជាប់គាំងទាក់ទងនឹងជម្លោះ ដោយនិយាយថា លោកចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី "យ៉ាងឆាប់រហ័ស និងគួរឱ្យទុកចិត្តបាន"។ ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Zelenskiy បានលើកឡើងថា "ទាំងអស់គ្នាមានបំណងប្រាថ្នាដ៏មុតមាំដើម្បីបញ្ចប់សង្រ្គាមនេះឱ្យបានឆាប់រហ័ស និងគួរឱ្យទុកចិត្ត។ ហើយសន្តិភាពត្រូវតែស្ថិតស្ថេរ មិនដូចពីមុនទេ នៅពេលដែលអ៊ុយក្រែន បានលះបង់គ្រីម៉េ និងផ្នែកមួយនៃ Donbas សម្រាប់តែឱ្យលោក Putin រៀបចំការវាយប្រហារថ្មី"។
សេតវិមានបានបញ្ជាក់ថា លោក Trump និងលោក Zelensiky នឹងធ្វើកិច្ចពិភាក្សាជាលក្ខណៈឯកជនជាដំបូង បន្ទាប់មកនឹងមានកិច្ចប្រជុំពហុភាគីជាមួយមេដឹកនាំអឺរ៉ុប នៅពេលល្ងាចថ្ងៃដដែល។
មេដឹកនាំអឺរ៉ុបដែលចូលរួម រួមមានលោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer លោកប្រធានាធិបតីបារាំង Emmanuel Macron លោកអធិការបតីអាល្លឺម៉ង់ Friedrich Merz និងប្រធានអង្គការណាតូ លោក Mark Rutte រួមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ។
កិច្ចពិភាក្សាទីក្រុងវ៉ាស៊ីនតោននេះ កើតឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក Trump ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កា ជាទីដែលលោក Trump បានពិពណ៌នាថាជាកិច្ចពិភាក្សាប្រកបដោយ "ផលិតភាពល្អ" ប៉ុន្តែបានបញ្ចប់ដោយពុំមានការប្រកាសបទឈប់បាញ់ណាមួយឡើយ៕

