ស្នងការនគរបាលរបស់ទីក្រុងញូវយ៉ក លោកស្រី Jessica Tisch បាននិយាយថា មនុស្ស ៣នាក់បានស្លាប់ និងមនុស្ស ៨នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រីដែលមានមនុស្សកុះករមួយកន្លែងក្នុងតំបន់ Brooklyn នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ (១៧ សីហា)។

លោកស្រី Tisch បានបន្តថា ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ខ្មាន់កាំភ្លើងមានគ្នារហូតដល់ ៤នាក់ ហើយបានបើកការបាញ់ប្រហារដោយប្រើអាវុធជាច្រើនដើម កាលពីថ្ងៃអាទិត្យ មុនម៉ោងក្នុងស្រុក ៣:៣០នាទីទៀបភ្លឺ នៅឯក្លឹបរាត្រីឈ្មោះ Taste of the City Lounge ក្នុងទីប្រជុំជន Crown Heights នៃតំបន់ Brooklyn ដ៏ល្បីល្បាញ បន្ទាប់ពី "មានជម្លោះ"។

នគរបាលបានឱ្យដឹងថា អ្នកស្លាប់ជាបុរស ៣នាក់ — អាយុ ២៧ឆ្នាំ ៣៥ឆ្នាំ និងម្នាក់ទៀតមិនដឹងពីអាយុ — ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងរបួស ៨នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ហើយរបួសមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។ សមត្ថកិច្ចកំពុងពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាព និងស្រាវជ្រាវរកជនសង្ស័យ ប៉ុន្តែមិនទាន់មានការចាប់ខ្លួននៅឡើយ។
ស្នងការក្រុងបានបញ្ជាក់ថា ការបាញ់ប្រហារនៅទីក្រុងញូវយ៉ក បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងឆ្នាំនេះ ដោយហៅឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនោះថាជា "ភាពមិនប្រក្រតី" និងសន្យាបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើឧប្បត្តិហេតុនេះ៕