ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa បាននិយាយថា ការតស៊ូដើម្បីបង្រួបបង្រួមប្រទេសរបស់លោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ «មិនគួរមានការបង្ហូរឈាមនោះទេ» ដោយបដិសេធការបែងបាក់ ណាមួយ និងចោទប្រកាន់អ៊ីស្រាអែលថា បានជ្រៀតជ្រែកនៅភាគខាងត្បូងប្រទេសនេះ។

សុន្ទរកថារបស់លោកដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ បានកើតមានឡើងនៅពេលដែលមនុស្សរាប់រយនាក់ បានធ្វើបាតុកម្ម នៅក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី ដោយបានរិះគន់អំពើហិង្សាបង្កឡើងដោយក្រុមនិកាយ កាលពីខែមុន និងអំពាវនាវឲ្យមានសិទ្ធិសម្រេចដោយខ្លួនឯងសម្រាប់ខេត្តដែលមានជនភាគតិច Druze ជាច្រើនរស់នៅនេះ។

លោក Sharaa បាននិយាយក្នុងអំឡុងពេលកិច្ចពិភាក្សាមានការចូលរួមពីមនុស្សសំខាន់ៗ មកពីខេត្ត Idlib ភាគពាយ័ព្យ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតថា៖«យើងនៅតែមានការតស៊ូមួយទៀត នៅចំពោះមុខយើង ក្នុងការបង្រួបបង្រួប្រទេសស៊ីរី ហើយមិនគួរមានការបង្ហូរឈាម និងការប្រើប្រាស់កម្លាំងយោធាទេ... ការបង្រួបបង្រួមនេះ គួរតែមានការព្រមព្រៀងគ្នា ពីព្រោះស៊ីរីមិនត្រូវការមានសង្រ្គាមតទៅទៀតទេ»។
លោកបាននិយាយដោយយោងតាមការថតសំឡេងនៃកិច្ចប្រជុំដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ខ្ញុំមិនមើលឃើញថា ស៊ីរីមានហានិភ័យនៃការបែងបាក់នោះទេ។ មនុស្សមួយចំនួន ចង់ធ្វើឲ្យប្រទេសស៊ីរីមានការបែកបាក់ និងព្យាយាមបង្កើតតំបន់ផ្សេងៗ...បញ្ហានេះ គឺមិនអាចទៅរួចនោះទេ»។