ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានវាយកម្ទេចក្រុមភេរវករពីរក្រុម នៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា នៅខេត្ត Sistan និងខេត្ត Baluchestan ភាគអាគ្នេយ៍។

របាយការណ៍បានឲ្យដឹងថា កងកម្លាំងនេះ បានព្យាយាមកំណត់អត្តសញ្ញាណ និងវាយប្រហារផ្ទះចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុម «ភេរវករ» នៅភាគខាងជើង និងភាគខាងត្បូងនៃខេត្តនេះ ដោយបានសម្លាប់ពួកគេចំនួន ៦នាក់ និងឃាត់ខ្លួនមនុស្សមួយចំនួនទៀត ដោយមិនបានបញ្ជាក់អំពីកាលបរិច្ឆេទនៃប្រតិបត្តិការ និងចំនួនអ្នកជាប់ឃុំនោះទេ។
របាយការណ៍បានបញ្ជាក់ថា៖«ក្រុមភេរវករ» ដែលត្រូវបានបំពាក់អាវុធ និងបណ្តុះបណ្តាល បានព្យាយាម«ធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងភេរវកម្ម» នៅក្នុងខេត្តនេះ។
របាយការណ៍ បានបន្ថែមថា ក្នុងចំណោមរបស់របរដែលរឹបអូសបានពី «ក្រុមភេរវករ» រួមមាន សារធាតុផ្ទុះ ២៥គីឡូក្រាម គ្រាប់បែកមួយចំនួន ឧបករណ៍បំផ្ទុះ និងវិទ្យុទាក់ជាច្រើនគ្រឿង។
ខេត្តSistan និងខេត្ត Baluchestan ជាខេត្តជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានរងការវាយប្រហារភេរវកម្មជាច្រើនលើកគោលដៅទាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
