បេសកជនអាមេរិក លោក Tom Barrack បានអំពាវនាវឲ្យអ៊ីស្រាអែលគោរពការសន្យារបស់ខ្លួន ក្រោមបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាម ជាមួយក្រុមហេសបូឡា បន្ទាប់ពីរដ្ឋាភិបាលលីបង់ បានចាប់ផ្តើមដំណើរការ ដើម្បីដកហូតអាវុធពីក្រុមសកម្មប្រយុទ្ធ។
នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ អាវុធនៅក្នុងប្រទេសលីបង់ នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋ ហើយអ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះទាំងស្រុង បើទោះបីជាខ្លួនបានរក្សាកងកម្លាំងនៅក្នុងចំណុចព្រំដែនចំនួន ៥ ដែលខ្លួនចាត់ទុកថា ជាយុទ្ធសាស្ត្រក៏ដោយ។
លោក Barrack បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបេរូត ( Beirut) ជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ថា៖«ខ្ញុំគិតថា រដ្ឋាភិបាលលីបង់ បានបំពេញតួនាទីរបស់ពួកគេ។ ពួកគេបានបោះជំហានដំបូង។ ឥឡូវនេះ អ្វីដែលយើងត្រូវការ គឺអ៊ីស្រាអែល ត្រូវតែអនុវត្តឲ្យបានស្មើភាពគ្នា»។