ព្យុះសង្ឃរា Erin បានវិវត្តទៅជាព្យុះប្រភេទទី៤ កាលពីយប់ថ្ងៃអាទិត្យ (ទី១៧ ខែសីហា) ដោយក្រុមអ្នកព្យាករ បានព្រមានថា វាត្រូវបានគេរំពឹងថា នឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ និងកាន់តែធំៗនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈកំពុងបោកបក់នៅលើប្រជុំកោះការ៉ាអ៊ីប ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឲ្យកើតទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី។
ព្យុះសង្ឃរាទី១ ជាអ្វីដែលត្រូវបានគេរំពឹងថា នឹងជារដូវកាលមានព្យុះដ៏ខ្លាំងជាពិសេស នៅមហាសមុទ្រអាត្លង់ទិក ព្យុះ Erin បានវិវត្តមួយភ្លែតទៅជាព្យុះប្រភេទទី៥ «ដ៏មហន្តរាយ» មុនពេលល្បឿនខ្យល់របស់វាថយចុះខ្សោយមកវិញ។

បច្ចុប្បន្ននេះ ក្រុមអ្នកព្យាករមិនរំពឹងថា វានឹងបោកបក់ទៅដល់ដីគោក នៅតាមបណ្តោយផ្លូវដែលរំពឹងទុកនោះឡើយ ប៉ុន្តែការព្រមានអំពីព្យុះត្រូពិកមានសុពលភាព សម្រាប់កោះ Bahamas ភាគអាគ្នេយ៍ និងកោះ Turks និង Caicos។
បើយោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ដែលមានមូលដ្ឋាននៅទីក្រុង Miami សហរដ្ឋអាមេរិក បានឲ្យដឹងថា ព្យុះសង្ឃរា Erin ស្ថិតនៅចម្ងាយប្រហែល ១៣០ម៉ាយល៍ (២០៥គីឡូម៉ែត្រ) ភាគខាងកើតកោះ Grand Turk នៅម៉ោង ១១យប់ (ម៉ោង ៣ ម៉ោងសកល) ដោយមានកម្លាំងខ្យល់អតិបរមា ១៣០ម៉ាយល៍ (២១៥គីឡូម៉ែត្រ) ក្នុងមួយម៉ោង។
NHC បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា៖ «ព្យុះសង្ឃរា Erin ត្រូវបានគេរំពឹងថា នឹងបោកបក់ឆ្លងកាត់ភាគខាងកើត និងភាគឦសាននៃកោះ Turks និង Caicos និងភាគអាគ្នេយ៍នៃកោះ Bahamas ពេញមួយយប់រហូតដល់ថ្ងៃចន្ទនេះ»។
NHC បានបន្ថែមថា ព្យុះនេះអាចបង្កឲ្យមានទឹកភ្លៀងកម្រិតដល់ទៅ ៦អ៊ីញ (១៥សង់ទីម៉ែត្រ) នៅតំបន់ដាច់ស្រយាលជាច្រើន។ NHC ក៏បានព្រមានផងដែរអំពី «ទឹកជំនន់គំហុកភ្លាមៗ និងការជន់លិចទីក្រុង រួមជាមួយបំណាក់ដី ឬបំណាក់ល្បាក់ភក់៕

