វាអាចជាករណីមួយទៀតនៃសុភាសិត ដែលថា «សត្រូវរបស់សត្រូវ គឺមិត្តរបស់ខ្ញុំ»។ តែទោះក្នុងករណីណាក៏ដោយ វាបានក្លាយជាការភ្ញាក់ផ្អើលដ៏គួឲ្យស្វាគមន៍មួយ សម្រាប់ប្រទេសចិនដែលឃើញគូប្រជែងសកលធំជាងគេរបស់ខ្លួន គឺសហរដ្ឋអាមេរិក ចាប់ផ្ដើមមានបញ្ហាជាមួយគូប្រកួតប្រជែងដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង នៅអាស៊ី គឺឥណ្ឌា។
ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដេលី ចាប់ផ្ដើមកាន់តែអាប់អួ បន្ទាប់ពីរដ្ឋបាលរបស់លោក Donald Trump នៅខែសីហា បានគំរាមដំឡើងពន្ធទ្វេដងលើទំនិញរបស់ឥណ្ឌាដល់កម្រិត ៥០ភាគរយ ដោយលើកឡើងពីការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី។

ការប្រេះឆាភ្លាមៗនេះ បានគំរាមកំហែងបំផ្លាញកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងជាច្រើនឆ្នាំ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា លើវិស័យជាច្រើន ដូចជាសន្តិសុខ និងបច្ចេកវិទ្យា ដែលត្រូវបានជំរុញដោយផ្នែកដ៏ធំនៃការមានបំណងប្រាថ្នារួមគ្នា ក្នុងការទប់ឥទ្ធិពលសកលរបស់ប្រទេសចិនកុំឲ្យខ្លាំងក្លាពេក។ ហើយម៉្យាងទៀត ការមិនចុះសម្រុងគ្នានេះ ក៏បានជួយជំរុញផងដែរដល់សន្ទុះថ្មី ដែលបន្ធូរបន្ថយភាពតានតឹង រវាងចិន និងឥណ្ឌា ដែលបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការផ្សះផ្សាបានចាប់ផ្តើមកាន់តែប្រាកដប្រជា នៅក្នុងខែតុលា ឆ្នាំ២០២៤ នៅពេលដែលប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ ចាប់តាំងពីពេលនោះមក ប្រទេសទាំង២ បានបង្កើនដំណើរទស្សនកិច្ចជាផ្លូវការ និងពិភាក្សា អំពីការបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាជន៕
