ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ដែលបាននិងកំពុងប្រឹងប្រែងកែលម្អទំនាក់ទំនងតានតឹង ជាមួយទីក្រុងព្យុងយ៉ាងនោះ បានបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ រៀបចំអនុវត្តជាជំហានៗនូវកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយកូរ៉េខាងជើង។
លោក Lee មិនបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយដែលលោកកំពុងសំដៅទៅលើនោះទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃទី១៥ ខែសីហាថា ទីក្រុងសេអ៊ូលមានបំណងស្ដារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៨ ដែលបានដួលរលំ ចាប់តាំងពីពេលនោះមក ដើម្បីផ្អាកសកម្មភាពយោធាមួយចំនួន នៅតាមព្រំដែនជាមួយកូរ៉េខាងជើង។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែសីហានេះ លោក Lee បានលើកឡើងថា៖ «ទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូង និងពង្រីកលំហ ដើម្បីធ្វើប្រតិបត្តិការការទូត នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានការណ៍ខាងក្រៅ»។
លោកសង្កត់ធ្ងន់ថា៖ «ក្រសួងពាក់ព័ន្ធ សូមរៀបចំអនុវត្តជាដំណាក់កាលនៃកិច្ចព្រមព្រៀងអន្តរកូរ៉េដែលមានស្រាប់ ដោយចាប់ផ្តើមពីកន្លែងណាដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា ចាប់តាំងពីលោក Lee ចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលរបស់លោកបានព្យាយាមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងប្រទេសជិតខាងដែលតាមលក្ខណៈបច្ចេកទេសនៅតែមានសង្រ្គាមជាមួយគ្នាដដែល ទោះបីជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរហូតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីសេរីនិយមរូបនេះក៏ដោយ៕

