អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីពេញមួយយប់ទៅលើទីក្រុង Khariv បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។

នគរបាលក្នុងតំបន់ Kharkiv បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា «គិតត្រឹមពេលនេះ មនុស្ស ៣នាក់ ត្រូវបានគេដឹងថា បានស្លាប់ រួមទាំងកុមារតូចម្នាក់ផងដែរ។ មនុស្ស ១៨នាក់រងរបួស ក្នុងនោះមានក្មេងៗផងដែរ»។ ហើយជាមួយគ្នានេះ នគរបាលបានព្រមានថា អាចមានមនុស្សជាប់នៅក្រោមគំនរបាក់បែកនៃអគារផ្ទះល្វែងកម្ពស់ ៥ជាន់ដែលត្រូវបានវាយប្រហារនៅមុនថ្ងៃរះ។
លោកអភិបាលក្រុង Igor Terekhov បាននិយាយថា ទីក្រុងនៅជិតព្រំដែនរុស្ស៊ី ក៏ត្រូវបានវាយប្រហារប៉ុន្មានម៉ោងមុននេះផងដែរ ដោយមីស៊ីលបាលីស្ទិក ដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់រងរបួស។ នាព្រឹកថ្ងៃចន្ទ ការវាយប្រហាររបស់រុស្ស៊ី ក៏បានវាយលុកតំបន់ Sumy នៅជិតព្រំដែន បណ្តាលឲ្យមនុស្ស ២នាក់រងរបួស។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសចុងក្រោយបង្អស់ បានកើតឡើងនៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក ត្រូវបានគេរំពឹងថា មានវត្តមាននៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងបញ្ចប់សង្រ្គាម៕

