បាល់ទាត់៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber បានសម្ដែងនូវក្ដីរីករាយ ក្រោយបានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្លិបលំដាប់កំពូលមួយនៃក្របខណ្ឌលីគកំពូលកម្ពុជា។

Marcus Haber បានបញ្ជាក់ថា នេះគឺជាការផ្លាស់ប្ដួរមួយដ៏ងាយស្រួល បន្ទាប់ពីមានការជជែកជាមួយគ្រូបង្វឹកលោក Conor Nestor កាលពីចុងរដូវកាលកន្លងទៅ ហើយក៏ជារឿងដ៏មានន័យសម្រាប់ខ្លួនផងដែរ ដែលទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹក និងបានក្លាយជាសមាជិកក្រុមព្រះខ័នរាជស្វាយរៀង។ អតីតសមាជិកក្រុមវិសាខារូបនេះបានរំលឹកពីការប្រកួត ជាមួយព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំមុនគឺជាការប្រកួតដ៏លំបាក ដែលជួបក្រុមមួយមានការរៀបចំបានល្អ និងគ្រូបង្វឹកដ៏ល្អ។ នេះគឺជាហេតុផលមួយដ៏រូបគេសម្រេចចិត្តចូលរួមជាមួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ដោយមិនស្ទាក់ស្ទើរ។

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំដដែលបានបង្ហាញចំណាប់អារម្មណ៍ និងចូលចិត្តចំពោះប្រព័ន្ធលេង និងរបៀបលេងរបស់ព្រះខ័នរាជស្វាយរៀង ដែលជាបរិយាកាសអាជីពមួយ។ ដូច្នេះ Marcus Haber ប្ដេជ្ញាថានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិបឆ្ពោះទៅសម្រេចគោលដៅក្នុងរដូវកាលថ្មីនេះ គឺការដណ្ដើមពានលីគកំពូលកម្ពុជាឆ្នាំ២០២២។ សូមរំលឹកថា Marcus Haber មានបទពិសោធន៍ជោគជាំក្នុងអាជីពនៅប្រទេសកំណើត និងអឺរ៉ុប ពិសេសរូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប West Bromwich Albion នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League កាលពីឆ្នាំ២០១០-២០១១ ផងដែរ។ Marcus Haber បានជាប់ជម្រើសជាតិយុវជនកាណាដាតាំងពីឆ្នាំ២០០៥ មុនវិវត្តន៍ឡើងលេងក្រុមធំនៅឆ្នាំ២០១០៕
អត្ថបទ៖ លី ឈុនឡា