រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នាថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បានរិះគន់នូវអ្វីដែលលោកបានហៅថាការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រទេសចិន ចំពោះ «ការផ្លាស់ប្តូរជាឯកតោភាគី» នូវព្រំដែន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចាត់ទុកថា នេះជាការបង្កើនឥទ្ធិពលខ្លាំងឡើងៗរបស់ទីក្រុងប៉េកាំង។
នៅឯប្រទេសជប៉ុន ដោយលើកឡើងពីសកម្មភាពរបស់ចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង លោក Johann Wadephul បានបញ្ជាក់ថា៖ «ប្រទេសចិនគំរាមកំហែងម្តងហើយម្តងទៀតដោយបើកចំហ ទោះច្រើន ឬតិច ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងផ្លាស់ប្តូរព្រំដែនជាឯកតោភាគី»។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយសមភាគីជប៉ុន លោក Takeshi Iwaya លោក Wadephul បាននិយាយថា៖ «ការកើនឡើងនូវភាពតានតឹងណាមួយ នៅក្នុងមជ្ឈមណ្ឌលដ៏រសើបនៃពាណិជ្ជកម្មអន្តរជាតិនេះ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក និងសេដ្ឋកិច្ចពិភពលោក»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ មុនដំណើរទស្សនកិច្ចរបស់លោក Wadephul ទៅកាន់ប្រទេសជប៉ុន និងបន្ទាប់មកប្រទេសឥណ្ឌូនេស៊ីនោះ បាននិយាយថា ប្រទេសចិនកំពុង «បង្កើនឧត្តមភាពខ្លាំងឡើងៗក្នុងតំបន់របស់ខ្លួន ហើយក្នុងការធ្វើដូច្នេះ ក៏កំពុងមិនអនុវត្តតាមគោលការណ៍នៃច្បាប់អន្តរជាតិផងដែរ»។
ជាមួយគ្នានេះ លោក Wadephul ក៏បានលើកឡើងផងដែរអំពីជំនួបកំពូលកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin នៅរដ្ឋ Alaska ដោយរដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ «បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ចុងក្រោង ទីក្រុងមូស្គូត្រូវតែចាត់វិធានាករ។ រហូតដល់រឿងនោះកើតឡើង សម្ពាធលើរុស្ស៊ី ត្រូវតែកើនឡើង រួមទាំងការបង្កើនជំនួយដល់អ៊ុយក្រែនផងដែរ»៕
