រដ្ឋាភិបាលអូស្ត្រាលីបានលុបចោលទិដ្ឋាការរបស់អ្នកនយោបាយអ៊ីស្រាអែលស្តាំនិយមជ្រុលមួយរូប នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ មុនពេលមានដំណើរទៅចូលរួមកម្មវិធីនិយាយសាធារណៈ ជាចំណាត់ការដែលអ្នករៀបចំព្រឹត្តិការណ៍ បានចាត់ទុកថា ជា «ការប្រឆាំងជនជ្វីហ្វដ៏អាក្រក់»។
លោក Simcha Rothman ដែលគណបក្សរបស់លោក គឺជាផ្នែកនៃរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានគ្រោងទៅចូលរួមនិយាយនៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយសមាគមជនជាតិជ្វីហ្វអូស្ត្រាលី។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tony Burke បាននិយាយថា ប្រទេសអូស្ត្រាលីនឹងមិនទទួលយកមនុស្សពីប្រទេសនេះ ដែលនឹងចូលមក ដើម្បីធ្វើឲ្យ «រីករាលដាលការបែងបាក់» នោះឡើយ។
លោក Burke បានបញ្ជាក់ថា៖ «ប្រសិនបើអ្នកចូលមកកាន់ប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយពីសារស្អប់ខ្ពើម និងការបែកបាក់ យើងមិនចង់ឲ្យអ្នកមកទីនេះទេ។ អូស្ត្រាលីនឹងក្លាយជាប្រទេសដែលមនុស្សគ្រប់គ្នាអាចមានសុវត្ថិភាព និងមានអារម្មណ៍ថា មានសុវត្ថិភាព»។
ជាលក្ខខណ្ឌស្វ័យប្រវត្តិនៃការលុបចោលទិដ្ឋាការ លោក Rothman មិនអាចធ្វើដំណើរទៅប្រទេសអូស្ត្រាលីបានឡើយ រយៈពេល ៣ឆ្នាំ។
នាយកប្រតិបត្តិសមាគមជនជាតិជ្វីហ្វអូស្ត្រាលី លោក Robert Gregory បាននិយាយថា គោលបំណងនៃដំណើររបស់លោក Rothman គឺដើម្បី «បង្ហាញពីសាមគ្គីភាពជាមួយសហគមន៍ជនជាតិជ្វីហ្វរបស់អូស្ត្រាលី ដែលកំពុងប្រឈមនឹងរលកនៃការប្រឆាំងជនជាតិជ្វីហ្វ»៕