ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីនូវការបដិសេធជាដាច់ខាតចំពោះផែនការរបស់អ៊ីស្រាអែលណាមួយ ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ដោយព្រមានថា ទង្វើបែបនេះ នឹងជា «ភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដោយគ្មានហេតុផលខាងសីលធម៌ ឬផ្លូវច្បាប់» និងជា «ឧក្រិដ្ឋកម្មដ៏ឃោរឃៅ។
ក្រសួងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលអ៊ីស្រាអែលបានពិគ្រោះជាមួយប្រទេសមួយចំនួន អំពីការទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សាស្ទ្រីប ដោយបានពិពណ៌នាអំពីការពិភាក្សានេះថា ជាផ្នែកនៃ «គោលនយោបាយរបស់អ៊ីស្រាអែលដែលត្រូវបានច្រានចោល ក្នុងគោលបំណងធ្វើឲ្យបាត់បង់ទឹកដីប៉ាឡេស្ទីនរបស់ប្រជាជនរបស់ខ្លួន ដោយកាន់កាប់ទឹកដីនេះ និងបញ្ចប់បុព្វហេតុប៉ាឡេស្ទីន»។

ទីក្រុងគែរបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដែលពាក់ព័ន្ធបានបញ្ជាក់ពីការបដិសេធរបស់ពួកគេចំពោះគម្រោងបែបនេះ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «បដិសេធទាំងស្រុងនូវការផ្លាស់ទីលំនៅ មិនថានៅក្នុងតំបន់ហ្កាហ្សា ឬតំបន់វេសបែង ទោះបីជាមានការបង្ខំ ឬដោយស្ម័គ្រចិត្ត តាមរយៈការបង្អត់អាហារ ការរឹបអូសយកដីធ្លី ការតាំងទីលំនៅ និងការធ្វើឲ្យជីវិតមិនអាចទ្រាំទ្របាននៅលើដីប៉ាឡេស្ទីន»។
ក្រសួងបានបន្ថែមថា អេហ្ស៊ីប «នឹងមិនទទួលយកវា នឹងមិនចូលរួមក្នុងវា ហើយនឹងមិនអនុញ្ញាត» ដោយព្រមានថា ផែនការនេះ នឹងនាំទៅដល់ការបញ្ចប់បុព្វហេតុប៉ាឡេស្ទីន។ អេហ្ស៊ីប បានអំពាវនាវឲ្យ «គ្រប់ប្រទេសដែលស្រឡាញ់សន្តិភាព» ជៀសវាងបង្កភាពស្មុកស្មាញ ដោយនិយាយថា ការផ្លាស់ទីលំនៅបំពានច្បាប់មនុស្សធម៌អន្តរជាតិ រំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទាំង៤ និងស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និង ទង្វើនៃការបោសសម្អាតជនជាតិភាគតិច។
ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានថ្កោលទោសផងដែរនូវអ្វីដែលខ្លួនហៅថា ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការ «ផ្លាស់ប្តូរទីលំនៅដោយបង្ខំ»នូវជនជាតិប៉ាឡេស្ទីនពីទីក្រុងហ្កាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុងតេអេរ៉ង់ បាននិយាយថា ទង្វើនេះ គឺជា«ឧទាហរណ៍ជាក់ស្តែងនៃឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមានគោលបំណងគ្មានអ្វីក្រៅពីអនុវត្តផែនការប្រល័យពូជសាសន៍ និងការលុបបំបាត់ប៉ាឡេស្ទីនជាប្រជាជាតិមួយ និងអត្តសញ្ញាណមួយ»។
